រដ្ឋបាលTrump កំណត់ពេលត្រឹមថ្ងៃសុក្រ ដើម្បីបណ្ដេញឯកអគ្គរដ្ឋទូតអាហ្វ្រិកខាងត្បូងចេញពីអាមេរិក

ក្រសួងការបរទេសអាមេរិកបានប្រកាសថា លោក Ebrahim Rasool ឯកអគ្គរដ្ឋទូតអាហ្វ្រិកខាងត្បូងប្រចាំសហរដ្ឋអាមេរិក នឹងត្រូវរៀបចំខ្លួន ដើម្បីចាកចេញពីមហាអំណាចសេដ្ឋកិច្ចធំបំផុតលើលោក ឲ្យបានមុនថ្ងៃសុក្រ ទី២១ ខែមីនានេះ។ នេះបើតាមការចុះផ្សាយពីទីភ្នាក់ងារព័ត៌មាន AP។

តាមដានជាមួយយើង៖ Million Times

សេចក្ដីប្រកាសស្ដីពីការបណ្ដេញលោក Rasool ត្រូវបានធ្វើឡើង ក្រោយប្រមុខការទូតអាមេរិក លោក Marco Rubio បានហៅឯកអគ្គរដ្ឋទូតអាហ្វ្រិកខាងត្បូងរូបនេះថា Persona non grata ដែលមានន័យថា “បុគ្គលគ្មានគុណធម៌” លើបណ្ដាញសង្គម X។

ជុំវិញការបណ្ដេញអ្នកការទូតជាន់ខ្ពស់ ចេញពីសហរដ្ឋអាមេរិកបែបនេះ កើតឡើងបន្ទាប់ពីរដ្ឋមន្ត្រីការបរទេសអាមេរិក បានហៅលោក Rasool ជា «អ្នកនយោបាយដែលរើសអើងពូជសាសន៍» និងបង្ហាញការស្អប់គុំគួនលើប្រធានាធិបតី Donald Trump។

អ្នកនាំពាក្យក្រសួងការបរទេសអាហ្វ្រិកខាងត្បូង Chrispin Phiri បាននិយាយនៅក្នុងបទសម្ភាសន៍មួយ កាលពីថ្ងៃចន្ទថា បច្ចុប្បន្នលោក Rasool កំពុងនៅសហរដ្ឋអាមេរិក តែនឹងព្យាយាមចាកចេញពីទីនោះឲ្យបានកាន់តែលឿនតាមដែលអាចធ្វើទៅបាន។

គួរជម្រាបដែរថា ការបណ្ដេញអ្នកការទូតអាហ្វ្រិកខាងត្បូងរូបនេះ បានធ្វើឲ្យទំនាក់ទំនងរវាងអាហ្វ្រិកខាងត្បូង និងសហរដ្ឋអាមេរិក ធ្លាក់ចូលក្នុងរណ្ដៅកាន់តែជ្រៅ ពោលចាប់តាំងពីលោក Donald Trump ក្លាយជាប្រធានាធិបតីអាមេរិកទី៤៧ លោកបានប្រកាសផ្អាកផ្ដល់ជំនួយទាំងស្រុង ទៅកាន់ប្រទេសមួយនេះ ក្រោមហេតុផលបញ្ហាសិទ្ធមនុស្ស និងពុករលួយ ខណៈប្រធានាធិបតី Cyril Ramaphosa អះអាងថា លោក Trump មានការយល់ច្រឡំ ហើយលោកកំពុងព្យាយាមផ្សះផ្សារទំនាក់ទំនងមួយនេះ៕

អត្ថបទ៖ Luffy រូបភាព៖ AP/CNN