កាលពីថ្ងៃចន្ទ ទី១៧ ខែមីនា សកលវិទ្យាល័យ Harvard បានប្រកាសថា ពួកគេនឹងអនុញ្ញាតឲ្យក្រុមនិស្សិត ដែលរៀនថ្នាក់បរិញ្ញាបត្រអាចបន្តការសិក្សាបានដោយឥតគិតថ្លៃ បើសិនជាពួកគេមកពីគ្រួសារមានជីវភាពមធ្យម។


សារព័ត៌មាន Reuters បានចុះផ្សាយថា ក្រុមនិស្សិតដែលមកពីគ្រួសារមានចំណូលតិចជាង ២០០ ០០ដុល្លារក្នុងមួយឆ្នាំ អាចដាក់ពាក្យសុំអាហារូបករណ៍ដោយឥតគិតថ្លៃ ខណៈបើគ្រួសារពួកគេ មានចំណូលក្រោម ១០០ ០០០ដុល្លារ សកលវិទ្យាល័យនឹងរ៉ាប់រងលើការធានារ៉ាប់រងសុខភាព កន្លែងស្នាក់នៅ រួមទាំងការចំណាយផ្សេងៗ អំឡុងពេលពួកគេសិក្សាថែមទៀត។
ផែនការជួយកាត់បន្ថយការចំណាយរបស់និស្សិត ពីសកលវិទ្យាល័យ Harvard នឹងចាប់ផ្ដើមចូលជាធរមាន សម្រាប់ឆ្នាំសិក្សា២០២៥-២៦ តទៅ ខណៈកន្លងមកពួកគេក៏ធ្លាប់បង្កើតកម្មវិធីស្រដៀងគ្នានេះ ជាញឹកញាប់ផងដែរ។
គួរជម្រាបដែរថា សម្រាប់ឆ្នាំសិក្សា២០២៤-២៥ នៅសកលវិទ្យាល័យកំពូល Harvard គឺត្រូវចំណាយអស់ប្រហែល ៨២ ០០០ដុល្លារ លើថ្លៃសិក្សា ការស្នាក់នៅ ការចាយវាយផ្សេងៗរួមទាំងចំណីអាហារផងដែរ ខណៈជំរឿនអាមេរិកបង្ហាញថា ជាមធ្យមគ្រួសារនៅអាមេរិកអាចរកចំណូលបានប្រហែល ៨០ ៦១០ដុល្លារក្នុងមួយឆ្នាំ៕
អត្ថបទ៖ Luffy រូបភាព៖ Boston Globe