ឧកញ៉ាបច្ចុប្បន្ន សុទ្ធសឹងជាអ្នកប្រឹងប្រែងក្នុងកិច្ចកសាងអាជីវកម្មខ្លួនឯង ពោលមិនមានធនធានជាមរតកតឪពុកម្តាយ

ចាប់តាំងពីឆ្នាំ១៩៩៥មក កម្ពុជាមានឧកញ៉ាសរុបចំនួន ១៩៤៧ រូបជាមួយចំនួនដ៏ច្រើននេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជាថា ឧកញ៉ានាពេលបច្ចុប្បន្ន សុទ្ធសឹងជាអ្នកដែលបានប្រឹងប្រែងក្នុងកិច្ចកសាងអាជីវកម្ម ពោលមិនមានឧកញ៉ាមានធនធានបន្តពីឪពុកម្តាយនោះឡើយ។

ចំពោះមុខបុគ្គលអ្នកមានគោរមងារឧកញ៉ាច្រើនរយនាក់កាលពីថ្ងៃសុក្រសប្តាហ៍មុន ក្នុងសន្និបាតបូកសរុបការងារឆ្នាំ២០២៤ និងលើកទិសដៅការងារ ឆ្នាំ២០២៥ របស់សមាគមឧកញ៉ាកម្ពុជា សម្តេច ហ៊ុន ម៉ាណែត បានលើកឡើងថា ឧកញ៉ានៅកម្ពុជានាពេលបច្ចុប្បន្ន សុទ្ធសឹងជាអ្នកដែលបានប្រឹងប្រែងក្នុងកិច្ចកសាងអាជីវកម្ម ពោលមិនមាននរណាមានធនធានជាមរតកឪពុកម្តាយនោះឡើយ គឺរបប ប៉ុល ពត បានប្រមូលអស់ហើយ។

តាមដានជាមួយយើង៖ Million Times

សម្តេច ហ៊ុន ម៉ាណែត បានថ្លែងថា «ការផ្តល់គោរមងារជាឧកញ៉ា គឺជាការទទួលស្គាល់ចំពោះការចូលរួមចំណែកយ៉ាងសំខាន់ក្នុងសកម្មភាពមនុស្សធម៌ក្នុងសង្គម»។ សម្តេចបានកត់សម្គាល់ថា ឧកញ៉ាបានចូលរួមចំណែកក្នុងសកម្មភាពមនុស្សធម៌ច្រើនណាស់ ជាពិសេសពេលសង្គមកម្ពុជាជួបវិបត្តិបណ្តាលមកពីជំងឺកូវីដ១៩។

សម្តេចថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះលោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា និងគោរមវន្តទាំងអស់ ដែលជានិច្ចកាលតែងតែចូលរួមក្នុងសកម្មភាពសង្គម មនុស្សធម៌ និងសប្បុរសធម៌ នាពេលកន្លងមក ដោយបានកត់សម្គាល់ឃើញថា រាល់ការអំពាវនាវ របស់រាជរដ្ឋាភិបាល តែងតែទទួលបានការគាំទ្រចូលរួមយ៉ាងសកម្មពីសំណាក់ លោកអ្នកឧកញ៉ា អ្នកឧកញ៉ា និងឧកញ៉ា។ ទន្ទឹមគ្នានេះ សម្តេចក៏បានអរគុណដល់ឧកញ៉ាដែលបានចូលរួមក្នុងមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន។

ជាមួយគ្នានេះដែរ សម្តេច ហ៊ុន ម៉ាណែត បានថ្លែងដោយផ្អែកតាមទិន្នន័យដែលរាជរដ្ឋាភិបាលមានពីឆ្នាំ១៩៩៥ មានឧកញ៉ា ១៩៤៧រូប ក្នុងនោះរាជរដ្ឋាភិបាលបានលុបចេញ ១៤០រូប ដោយ ១២៦រូប គឺលុបចេញដោយសារវិសមិតភាព។ ក្រៅពីនោះក៏មានការលុបចេញមួយចំនួនទៀតដោយការស្ម័គ្រចិត្ត និងការប្រព្រឹត្តបទល្មើសមួយចំនួនដែលនាំឱ្យពាក់ព័ន្ធទៅដល់កិត្តិយសរបស់ឧកញ៉ា ក៏ដូចជាច្បាប់។

សម្តេចមានប្រសាសន៍ថា៖ «ពីមុនមកអ្នកដែលជាកងកម្លាំងប្រដាប់អាវុធ ក៏អាចទទួលបានគោរមងារជាឧកញ៉ាបានដែរ។ ប៉ុន្តែក្រោយមក មានគោលការណ៍ណែនាំថា អ្នកដែលមានគោរមងារជាឧកញ៉ា ជាឧត្តមសេនីយ៍ក្នុងកងទ័ព ក្នុងនគរបាល គឺតម្រូវឱ្យជ្រើសរើសមួយ ដូច្នេះគោរមងារឧកញ៉ាក៏មានការថយចុះដែរ»៕

អត្ថបទ៖ សាងតេជៈ រូបភាព៖ ក្រុមព័ត៌មានសម្តេចធិបតី/សមាគមឧកញ៉ាកម្ពុជា