Trump បណ្ដេញក្រុមជើងកាងវេណេស៊ុយអេឡា ២០០នាក់ចេញពីអាមេរិក ទោះមានការរារាំងពីតុលាការ

កាលពីថ្ងៃទី១៥ ខែមីនា ប្រធានាធិបតីអាមេរិក Donald Trump បានចេញបញ្ជាឲ្យបណ្ដេញក្រុមជើងកាងវេណេស៊ុយអេឡា ប្រហែល ២០០នាក់ ចេញពីសហរដ្ឋអាមេរិក បើទោះជាកន្លងមកតុលាការបានចេញដីការផ្អាកការបណ្ដេញជនអន្តោប្រវេសន៍បណ្ដោះអាសន្នក្ដី។ នេះបើតាមការចុះផ្សាយពីទីភ្នាក់ងារព័ត៌មាន​Reuters។

តាមដានជាមួយយើង៖ Million Times

រដ្ឋបាលលោក Trump បានអះអាងថា ដីការរបស់តុលាការជុំវិញបញ្ហាមួយនេះ គឺមិនអាចរារាំងពួកគេ ពីការបណ្ដេញជនអន្តោប្រវេសន៍ខុសច្បាប់ ដែលបង្កអសន្តិសុខនៅអាមេរិកបានជាដាច់ខាត។

ប្រតិបត្តិការបណ្ដេញក្រុមជើងកាងវេណេស៊ុយអេឡា Tren de Aragua ២០០នាក់ ដែលជាប់ពាក់ព័ន្ធនឹងករណីចាប់ជម្រិតមនុស្សទារប្រាក់ និងស៊ីឈ្នួលសម្លាប់មនុស្ស ត្រូវបានធ្វើឡើងជាបន្ទាន់ បើទោះជាកន្លងមកចៅក្រម James Boasberg បានចេញដីការ ហាមឃាត់ប្រធានាធិបតី Donald Trump ឲ្យផ្អាកសកម្មភាពបណ្ដេញជនអន្តោប្រវេសន៍។

សូមជម្រាបដែរថា ក្រុមប៉ូលិសបានបញ្ជូនក្រុមជើងកាងវេណេស៊ុយអេឡាចំនួន ២០០នាក់ ចេញពីពន្ធនាគារអាមេរិកទាំងយប់ថ្ងៃសៅរ៍ ទី១៥ ខែមីនា ទៅកាន់ពន្ធនាគារមានប្រព័ន្ធសុវត្ថិភាពខ្ពស់បំផុតមួយ នៅក្នុងប្រទេស El Salvador៕

អត្ថបទ៖ Luffy រូបភាព៖ Reuters