លោក Donald Trump ចុះហត្ថលេខាកាត់ផ្តាច់ជំនួយវិទ្យុ VOA និងអាស៊ីសេរី ដែលនឹងត្រូវបិទទ្វារ

វិទ្យុ VOA វិទ្យុអាស៊ីសេរី RFA វិទ្យុអ៉ឺរ៉ុបសេរី រួមបណ្តាញផ្សព្វផ្សាយមជ្ឈិមបូព៌ាដទៃទៀត នឹងត្រូវបិទទ្វារបន្ទាប់ពីប្រធានាធិបតី Donald Trump បាន​ចុះ​ហត្ថលេខា​លើ​បញ្ជា​ប្រតិបត្តិ​មួយ​ដើម្បី​កាត់​ផ្តាច់​ទីភ្នាក់ងារ​មេ​របស់ VOA។

លោក Michael Abramowitz នាយក Voice of America VOA បាននិយាយនៅក្នុងហ្វេសប៊ុកកាលពីថ្ងៃសៅរ៍ថា លោកត្រូវបានគេដាក់ឱ្យឈប់សម្រាករួមជាមួយបុគ្គលិកចំនួន ១,៣០០នាក់។ ការ​ប្រកាស​នេះ​ធ្វើ​ឡើង​មួយ​ថ្ងៃ​បន្ទាប់​ពី​លោក​ Donald Trump ​ចុះ​ហត្ថលេខា​លើ​បញ្ជា​ប្រតិបត្តិ​មួយ​ដើម្បី​កាត់​ផ្តាច់​ទីភ្នាក់ងារ​មេ​របស់ VOA។

តាមដានជាមួយយើង៖ Million Times

ស្ថានីយ៍វិទ្យុជាភាសាក្នុងស្រុកមួយចំនួនរបស់ VOA បានបញ្ឈប់ការផ្សាយព័ត៌មាន និងប្តូរទៅតន្ត្រីដើម្បីចាក់ផ្សាយពេញម៉ោង។ និពន្ធនាយកនៅ VOA មួយចំនួនក៏ត្រូវបានបញ្ជាឱ្យឈប់ធ្វើការ ដូច្នេះបុគ្គលិករំពឹងថាការផ្សាយព័ត៌មានទូទាំងពិភពលោកនឹងឈប់ដំណើរការ។ នេះបើយោងតាមប្រភពព័ត៌មានដែល CNN ទទួលបាន។

អ្នក​ឆ្លើយ​ឆ្លង​ព័ត៌មាន​ជើង​ចាស់​ម្នាក់​បាន​និយាយ​ថា​៖ «សំឡេង​អាមេរិក​ត្រូវ​បាន​ស្ងាត់​សម្រាប់​ពេល​នេះ»។

Voice of America គឺជាផ្នែកមួយនៃទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ប្រព័ន្ធផ្សព្វផ្សាយសកល (USAGM) ដែលមានបណ្តាញធំៗដូចជា វិទ្យុអឺរ៉ុបសេរី វិទ្យុអាស៊ីសេរី និងបណ្តាញផ្សព្វផ្សាយមជ្ឈិមបូព៌ា៕

អត្ថបទ៖ សារ៉ាយ រូបភាព៖ AP