សមាគមឧកញ៉ាកម្ពុជា មានអាយុ ៤ឆ្នាំហើយ គិតត្រឹមឆ្នាំ២០២៥នេះ ដែលបានចុះបញ្ជីជាសមាគមស្របច្បាប់ និងទទួលស្គាល់ជាផ្លូវការដោយក្រសួងមហាផ្ទៃនៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២។
នៅថ្ងៃសុក្រ ទី១៤ ខែមីនានេះ សមាគមឧកញ៉ាកម្ពុជាបានរៀបចំសន្និបាតបូកសរុបការងារឆ្នាំ២០២៤ និងលើកទិសដៅការងារ ឆ្នាំ២០២៥របស់ខ្លួន ដែលដឹកនាំដោយលោកអ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធាន ខណៈនារសៀលថ្ងៃសុក្រនេះ សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានចូលរួមបិទសន្និបាតបូកសរុបការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់សមាគមឧកញ៉ាកម្ពុជា។


សមាគមឧកញ៉ាកម្ពុជា ហៅកាត់ថា ស.ឧ.ក. គឺជាស្ថាប័នឯកជនតែមួយគត់ ដែលតំណាងឱ្យរូបវន្តបុគ្គលដែលទទួលបានគោរមងារឧកញ៉ាទាំងអស់នៅកម្ពុជា។ សមាគមតំណាងឱ្យសំឡេងរួម សកម្មភាពសប្បុរសធម៌រួម និងគុណតម្លៃដ៏ឧត្តុង្គឧត្តម នៃគោរមងារឧកញ៉ាដែលជាសមាជិកទាំងអស់។
សមាគមឧកញ៉ាកម្ពុជា ត្រូវបានដាក់ឱ្យស្ថិតនៅក្រោមអភិបាលកិច្ចផ្នែកបច្ចេកទេសរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលមានសម្តេច ហ៊ុន សែន ជាប្រធានកិត្តិយស។ លើសពីនេះ សមាគមត្រូវបានទទួលស្គាល់មួយកម្រិតទៀតជាផ្លូវការរបស់រាជរដ្ឋាភិបាល ដោយផ្តោតជាសំខាន់លើភាពជាដៃគូរបស់រាជរដ្ឋាភិបាល ក្នុងការជំរុញលើកកម្ពស់សកម្មភាពពាណិជ្ជកម្ម និងការវិនិយោគនៅកម្ពុជា។

សមាគមឧកញ៉ាកម្ពុជា មានទស្សនវិស័យរក្សា និងលើកកម្ពស់ឧត្តមភាពដដ៏ឧត្តុង្គឧត្តមនៃគោរមងារឧកញ៉ា តាមរយៈការ ចូលរួមអភិវឌ្ឍន៍សង្គម និងសេដ្ឋកិច្ចកម្ពុជាប្រកប ដោយចីរភាព និងបរិយាប័ន្ន បង្កើតបាននូវភាពសុខសាន្ត សុខដុមរមនា និងការរីក ចម្រើនខាងកម្រិតជីវភាពរបស់ប្រជាពលរដ្ឋបានល្អប្រសើរដូចបណ្តាប្រទេសអភិវឌ្ឍន៍នានា។
សមាគមឧកញ៉ាកម្ពុជា មានបេសកកម្មចម្បងៗដូចខាងក្រោម៖
១) ធ្វើជាតំណាងការពារផលប្រយោជន៍ស្របច្បាប់ កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ឧកញ៉ាដែលជាសមាជិក។
២) រួមគ្នាចូលរួមចំណែកក្នុងសកម្មភាពសង្គម និងសប្បុរសធម៌នានា ដើម្បីបង្កើនកិត្យានុភាព ឧត្តមភាព និងគុណធម៌របស់ឧកញ៉ាឱ្យកាន់តែខ្ពង់ខ្ពស់ថែមទៀត។
៣) លើកកម្ពស់ការគោរពច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនានារបស់កម្ពុជា។
៤) បង្កើតវេទិកា សិក្ខាសាលា និងកម្មវិធីផ្សេងៗទាំងក្នុង និងក្រៅប្រទេស ដើម្បីលើកកម្ពស់ភាពជាដៃគូនៅក្នុងសកម្មភាពពាណិជ្ជកម្ម និងការវិនិយោគនៅក្នុងប្រទេសកម្ពុជា។







