Trump គំរាមដាក់ទណ្ឌកម្មសេដ្ឋកិច្ចធ្ងន់ធ្ងរ បើសិនរុស្ស៊ីបដិសេធលើបទឈប់បាញ់

ប្រធានាធិបតីអាមេរិក Donald Trump បាននិយាយថា លោកនឹងដាក់ទណ្ឌកម្មសេដ្ឋកិច្ចជាទម្ងន់ លើប្រភពហិរញ្ញវត្ថុរបស់រុស្ស៊ី បើសិនជាប្រធានាធិបតី Vladimir Putin បដិសេធមិនព្រមទទួលយកសំណើបទឈប់បាញ់ជាមួយអ៊ុយក្រែន រយៈពេល ៣០ថ្ងៃ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Independent។

តាមដានជាមួយយើង៖ Million Times

ថ្លែងនៅក្នុងការិយាល័យពងក្រពើ មេដឹកនាំអាមេរិកបាននិយាយថា លោកមានគម្រោងការក្នុងការដាក់ទណ្ឌកម្មសេដ្ឋកិច្ច ជាពិសេសលើផ្នែកហិរញ្ញវត្ថុរបស់រុស្ស៊ី បើសិនជាពួកគេមិនស៊ីញ៉េយល់ព្រមលើបទឈប់បាញ់។

គួររំលឹកបន្តិចថា កាលពីយប់ថ្ងៃទី១២ ខែមីនា រដ្ឋាភិបាលវិមានក្រឹមឡាំងបានទម្លាយថា ពួកគេកំពុងសិក្សាលើបទឈប់បាញ់រយៈពេល ៣០ថ្ងៃ ដែលរៀបចំឡើងដោយអាមេរិក ខណៈភាគីអ៊ុយក្រែនបង្ហាញការគាំទ្រពេញទំហឹង ជាមួយរដ្ឋបាលលោក Trump ក្នុងការពន្លឿនកិច្ចការស្វែងរកសន្តិភាព សម្រាប់បញ្ចប់សង្គ្រាមរយៈពេលជាង ៣ឆ្នាំនេះ។

បច្ចុប្បន្ន លោក Donald Trump បានបញ្ជូនមន្ត្រីមួយក្រុម ធ្វើដំណើរទៅកាន់ប្រទេសរុស្ស៊ី ដើម្បីជូនដំណឹង និងចរចាពីការព្រមព្រៀងលើបទឈប់បាញ់រយៈពេល ៣០ថ្ងៃ រវាងរុស្ស៊ី និងអ៊ុយក្រែន ដើម្បីស្វែងរកដំណោះស្រាយបញ្ចប់សង្គ្រាមដោយសន្តិវិធី៕

អត្ថបទ៖ Luffy រូបភាព៖ Independent