កម្ពុជា បើកឲ្យមានការនាំចូលគ្រឿងក្នុង និងបំណែកសាច់សត្វបង្កកឡើងវិញ

អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា សម្រេចបើកឲ្យមានការនាំចូលគ្រឿងក្នុង និងបំណែកសាច់សត្វជ្រូកបង្កកឡើងវិញ ដោយអនុវត្តចាប់ពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៥នេះតទៅ។ 

អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ផ្សព្វផ្សាយនៅថ្ងៃទី១៣ ខែមីនានេះថា វិធានការហាមឃាត់ការនាំចូលគ្រឿងក្នុង និងបំណែកសាច់សត្វបង្កក ជាបណ្តោះអាសន្ន បានផុតសុពលភាពហើយ កាលពីថ្ងៃទី១២ ខែមីនា។ មានន័យថា ចាប់ពីថ្ងៃទី១៣ ខែ​មី​នា​នេះ ការនាំចូលមុខទំនិញ​គ្រឿងក្នុង សត្វជ្រូកបង្កក មកកម្ពុជា អាចធ្វើឡើង​ជា​ប្រក្រតី​ឡើង​វិញ ដោយអនុលោមតាមអនុក្រឹតស្តីពីការដាក់ឱ្យប្រើប្រាស់បញ្ជីទំនិញហាមឃាត់ និង​ទំ​និញ​​ជាប់កម្រិតកំណត់។

គួររំលឹកថា រាជរដ្ឋាភិបាលកម្ពុជា បានហាមឃាត់ការនាំចូល គ្រឿងក្នុង និងបំណែកសាច់សត្វបង្កក ជា​បណ្តោះ​អាសន្ននេះកាលពីថ្ងៃទី ១២ ខែមករា ឆ្នាំ២០២៤ ដែលវិធានការនេះ មិនអនុវត្តចំពោះគម្រោងវិនិយោគ ដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់​ក្នុង​ការនាំចូលទំនិញ ឬផលិតផលខាងសាច់បង្កក និងគ្រឿងក្នុង សម្រាប់​ប្រើប្រាស់ជា​ធាតុ​ចូលផលិតកម្ម សម្រាប់ការនាំចេញឡើយ។

បើតាមគយ និងរដ្ឋាករកម្ពុជា ផលិតផលដែលត្រូវបានហាមឃាត់រួមមាន៖ អណ្តាតគោ និងក្របីបង្កក, ថ្លើមគោ​ក្រ​បី​បង្កក, គ្រឿងក្នុងគោបង្កកផ្សេងៗ, ថ្លើមសត្វមាន់បង្កក,សាច់ និងគ្រឿងក្នុងមាន់បង្កក។ ចំ​ណែក ពោះវៀន, ប្លោក និងក្រពះទាំងមូល ឬជាផ្នែកនៃសត្វស្រស់ ក្លាស្សេ បង្កក ប្រឡាក់​អំ​បិល ត្រាំទឹកអំបិល សម្ងួត ឬឆ្អើររួច ក៏ត្រូវហាមឃាត់ដែរ៕

អត្ថបទ៖ សាងតេជៈ រូបភាព៖ បណ្តាញសង្គម