ក្នុងដំណើរទស្សនកិច្ចដ៏កម្រ Putin បញ្ជាឲ្យបណ្ដេញកងទ័ពអ៊ុយក្រែនឲ្យអស់ពីទឹកដីរុស្ស៊ី

កាលពីថ្ងៃពុធ ទី១២ ខែមីនា ប្រធានាធិបតី Vladimir Putin បានធ្វើដំណើរទស្សនកិច្ចដ៏កម្រទៅដល់មូលដ្ឋានទ័ពរុស្ស៊ី ក្នុងតំបន់ Kursk នៅភាគខាងលិច និងបានបញ្ជាឲ្យកងយោធាពន្លឿនការបណ្ដេញកងទ័ពអ៊ុយក្រែនឲ្យអស់ពីទឹកដីរុស្ស៊ី។

តាមដានជាមួយយើង៖ Million Times

សារព័ត៌មាន Reuters បានរាយការណ៍ថា ដំណើរទស្សនកិច្ចឥតព្រាងទុករបស់លោក Putin ទៅកាន់មូលដ្ឋានទ័ព ត្រូវបានធ្វើឡើងបន្ទាប់ពីអាមេរិកសំណូមពរឲ្យថ្នាក់ដឹកនាំរុស្ស៊ីរូបនេះ ពិចារណាលើបទឈប់បាញ់រយៈពេល ៣០ថ្ងៃ ជាមួយអ៊ុយក្រែន។

គួររំលឹកបន្តិចថា កាលពីថ្ងៃទី០៦ ខែសីហាឆ្នាំមុន កងទ័ពអ៊ុយក្រែនបានលបវាយឆ្មក់ និងដណ្ដើមបានទឹកដីមួយចំណែករបស់រុស្ស៊ី ប៉ុន្តែស្ថានភាពទ័ពអ៊ុយក្រែននៅពេលនេះ ហាក់កំពុងចាញ់ប្រៀបរុស្ស៊ីខ្លាំង ដែលធ្វើឲ្យឲ្យរុស្ស៊ីកំពុងវាយបកដណ្ដើមទឹកដីមកវិញជាបណ្ដើរៗ។

អគ្គសេនាធិការរបស់រុស្ស៊ី លោក Valery Gerasimov បានរាយការណ៍ប្រាប់លោក Putin ថា កងកម្លាំងរុស្ស៊ីបានវាយបណ្ដេញកងទ័ពអ៊ុយក្រែន ចេញពីដែនដីរបស់ខ្លួនប្រហែល ៨៦% និងដណ្ដើមបានទីតាំង ២៤កន្លែង អ្នកទោសជាង ៤០០នាក់ និងដែនដី ២៥៩គីឡូម៉ែត្រការ៉េ រយៈពេល ៥ថ្ងៃចុងក្រោយ ខណៈសរុបដែនដីដែលរុស្ស៊ីដណ្ដើមបានពីអ៊ុយក្រែនវិញ គឺមានទំហំ ១ ១០០គីឡូម៉ែត្រការ៉េហើយ៕

អត្ថបទ៖ Luffy រូបភាព៖ Kremlin