កាលពីថ្ងៃអង្គារ ទី១១ ខែមីនា ប្រធានាធិបតីអាមេរិក Donald Trump បានប្រកាសគាំទ្រពេញទំហឹងចំពោះមហាសេដ្ឋី Elon Musk តាមរយៈការទិញរថយន្ត Tesla ឲ្យបុគ្គលិកសហព័ន្ធប្រើប្រាស់ និងចាត់ទុករាល់សកម្មភាពប្រឆាំងជាមួយក្រុមហ៊ុននេះ គឺជាអំពើភេរវកម្មក្នុងស្រុក។


ទីភ្នាក់ងារព័ត៌មាន Reuters បានចុះផ្សាយថា ប៉ុន្មានថ្ងៃមកនេះ ក្រុមសកម្មជនបាននាំគ្នាធ្វើបាតុកម្ម Tesla Takedown ប្រឆាំងជាមួយមហាសេដ្ឋី Elon Musk ជុំវិញតួនាទីរបស់លោកក្នុងជួររដ្ឋាភិបាល ដែលកន្លងមកបានកាត់បន្ថយបុគ្គលិកសហព័ន្ធជាច្រើនម៉ឺននាក់ និងលុបបំបាត់កម្មវិធីជំនួយសប្បុរសធម៌ សរុបជាទឹកប្រាក់រាប់សិបពាន់លានដុល្លារទូទាំងពិភពលោក។
ប្រធានាធិបតី Trump បានប្រកាសថា ក្រុមសកម្មជនទាំងនោះត្រូវចាត់ទុក និងប្រដូចសកម្មភាពពួកគេ ទៅនឹងក្រុមភេរវករនៅក្នុងប្រទេស ហើយត្រូវតែមានចំណាត់ការយ៉ាងម៉ឺងម៉ាត់ ចំពោះបញ្ហាមួយនេះ។

លោក Donald Trump បានបញ្ជាដោយផ្ទាល់ឲ្យក្រសួងយុត្តិធម៌អាមេរិក ធ្វើការឲ្យបានដិតដល់ចំពោះបញ្ហាបាតុកម្ម នៅក្រុមហ៊ុនចែកចាយរបស់ Tesla ដោយចាត់ទុកវាជាបទល្មើសភេរវកម្ម ប៉ុន្តែអ្នកជំនាញផ្នែកច្បាប់លើកឡើងថា បញ្ហាទាំងនោះទំនងមិនត្រូវឡើងដោះស្រាយដល់តុលាការឡើយ៕
អត្ថបទ៖ Luffy រូបភាព៖ Reuters