សង្គ្រាមពាណិជ្ជកម្មកាណាដា និងអាមេរិក កំពុងឡើងកម្ដៅខ្លាំង ក្រោយ Trump គំរាមទារពន្ធថ្មី

កាលពីថ្ងៃទី១១ ខែមីនា ប្រធានាធិបតីអាមេរិក Donald Trump បានប្រកាសទារពន្ធបន្ថែមលើផលិតផលលោហធាតុ នាំចូលពីប្រទេសកាណដា រហូតដល់ ៥០% ប៉ុន្តែក្រោយប្រកាសបានប៉ុន្មានម៉ោង លោកក៏សម្រេចចិត្តផ្អាកអនុវត្តវិធានការមួយនេះវិញ។

តាមដានជាមួយយើង៖ Million Times

សារព័ត៌មាន Reuters បានចុះផ្សាយថា មូលហេតុដែលលោក Trump សម្រេចដកថយមួយជំហានពីការអនុវត្តវិធានការពន្ធថ្មី គឺដោយសារភាគីកាណាដា បានលុបចោលផែនការតំឡើងថ្លៃអគ្គិសនីបន្ថែម ២៥% ចំពោះការផ្គត់ផ្គង់ឲ្យអាមេរិក។

គួររំលឹកបន្តិចថា អភិបាលខេត្ត Ontario លោក Doug Ford បានប្រកាសកាលពីពេលកន្លងថា ការនាំចេញអគ្គិសនីទៅកាន់សហរដ្ឋអាមេរិក នឹងត្រូវតំឡើងថ្លៃបន្ថែម ២៥% ជាការសងសឹកចំពោះផែនការពន្ធគយរបស់លោក Trump បានដាក់មកលើប្រទេសកាណាដា។ ខេត្ត Ontario គឺជាអ្នកផ្គត់ផ្គង់អគ្គិសនីធំបំផុតមួយ សម្រាប់លំនៅឋានប្រជាជនអាមេរិកប្រហែល ១លានគ្រួសារ។

ក្រោយការប្រកាសមួយនេះ រដ្ឋបាលលោក Trump ក៏មានចំណាត់ការតបតភ្លាមៗ ដោយបន្ថែមការទារពន្ធរហូតដល់ ៥០% ចំពោះផលិតផលលោហធាតុ នាំចូលពីប្រទេសកាណាដា ដែលច្រើនជាងមុនទ្វេដង។ ប៉ុន្តែក្រោយប្រកាសបានប៉ុន្មានម៉ោង ភាគីទាំងសងខាង ក៏បានដកថយម្នាក់មួយជំហាន និងណាត់ជួបគ្នាចរចាចំពោះបញ្ហាមួយនេះ នាថ្ងៃព្រហស្បត្តិ៍ខាងមុខវិញ។

សូមជម្រាបដែរថា ការគំរាមកំហែងចុងក្រោយរបស់រដ្ឋបាល Trump ទៅលើប្រទេសកាណាដា បានធ្វើឲ្យស្ថានការណ៍សង្គ្រាមពាណិជ្ជកម្ម រវាងប្រទេសទាំង២ ហាក់ឡើងកម្ដៅជាខ្លាំង ស្របពេលបច្ចុប្បន្ន អនាគតនាយករដ្ឋមន្ត្រីកាណាដាថ្មី លោក Mark Carney ក៏បានប្រកាសក្ដែងៗថា លោកនឹងព្យាយាមយកឈ្នះសង្គ្រាមពាណិជ្ជកម្មជាមួយលោក Trump បើសិនអាមេរិកបន្តដាក់គំនាប ទាមទារពន្ធច្រើនសន្ធឹកសន្ធាប់ពីកាណាដាបែបនេះ៕

អត្ថបទ៖ Luffy រូបភាព៖ Politico/ CNN