ផ្សារហ៊ុនអាមេរិកខាតបង់ប្រាក់អស់ ៤ទ្រីលានដុល្លារ ដោយសារគោលនយោបាយពន្ធគយរបស់ Trump

ចាប់តាំងពីប្រធានាធិបតីអាមេរិក Donald Trump ប្រកាសចេញនូវគោលនយោបាយទារពន្ធគយ ពីដៃគូពាណិជ្ជកម្មធំៗរួមមាន ប្រទេសកាណាដា ម៉ិកស៊ិក និងចិន រួមទាំងបណ្ដាប្រទេសជាច្រើនទៀត បានធ្វើឲ្យអ្នកជំនួញទូទាំងសកលលោក មានការព្រួយបារម្ភពីហានិភ័យសង្គ្រាមពាណិជ្ជកម្មជាខ្លាំង។

តាមដានជាមួយយើង៖ Million Times

ការព្រួយបារម្ភរបស់អ្នកជំនួញទាំងនោះ បានធ្វើឲ្យស្ថានភាពផ្សារហ៊ុននៅអាមេរិកចលាចលខ្លាំងផងដែរ ដោយកាលពីខែមុនទីផ្សារជួញដូរភាគហ៊ុន S&P 500 បានរបូតលុយរហូតដល់ ៤ទ្រីលានដុល្លារ ដោយសារក្រុមវិនិយោគិនសម្រុកលក់ភាគហ៊ុនរបស់ពួកគេ។ នេះបើតាមការចុះផ្សាយពីទីភ្នាក់ងារព័ត៌មាន Reuters។

ស្ថានភាពផ្សារហ៊ុននៅអាមេរិក នៅតែបន្តធ្លាក់ចុះនៅក្នុងសប្ដាហ៍នេះ ដោយកាលពីថ្ងៃចន្ទ ទី១០ ខែមីនា សន្ទស្សន៍ភាគហ៊ុននៅលើផ្សារ S&P 500 បានធ្លាក់ដល់ ២,៧% ជាការធ្លាក់ចុះខ្លាំងបំផុតប្រចាំថ្ងៃ ខណៈលើផ្សារហ៊ុន Nasdaq Composite វិញ បានដាំក្បាលចុះដល់ទៅ ៤% ជាចំណុចអាក្រក់បំផុតប្រចាំថ្ងៃ ចាប់តាំងពីខែកញ្ញា ឆ្នាំ២០២២។

ការណ៍ដែលធ្វើឲ្យទីផ្សារហ៊ុនអាមេរិកធ្លាក់ចុះខ្លាំងបែបនេះ គឺដោយសារក្រុមវិនិយោគិនសម្រុកលក់ភាគហ៊ុនរៀងៗខ្លួន ព្រោះខ្លាចការផ្ទុះនូវសង្គ្រាមពាណិជ្ជកម្ម ដែលអាចនឹងធ្វើឲ្យពួកគេខាតបង់ច្រើនជាងនេះ ដូច្នេះទើបសម្រេចលក់ភាគហ៊ុន បង្វិលជាលុយសុទ្ធ ឬទិញមាសទុកមួយរយៈសិន។

គួរជម្រាបដែរថា វិធានការទារពន្ធគយបន្ថែមរបស់លោក Donald Trump ត្រូវបានអះអាងថា ធ្វើឡើងដើម្បីផលប្រយោជន៍ជនជាតិអាមេរិក និងបង្កើនកំណើនសេដ្ឋកិច្ចជាតិ ប៉ុន្តែជាមួយគ្នា វាក៏ទំនងអាចបង្កាត់ភ្លើងសង្គ្រាមពាណិជ្ជកម្ម ជាមួយបណ្ដាប្រទេសមួយចំនួន តាមរយៈការទារពន្ធគយសងសឹកទៅវិញទៅមកផងដែរ៕

អត្ថបទ៖ Luffy រូបភាព៖ Reuters