ប្រធានាធិបតី Trump បង្ហើបថា មានក្រុមហ៊ុនធំៗចំនួន៤ កំពុងចាប់អារម្មណ៍ចង់ទិញ TikTok

ប្រធានាធិបតីអាមេរិក Donald Trump បាននិយាយកាលពីថ្ងៃអាទិត្យ ទី០៩ ខែមីនាថា រដ្ឋបាលរបស់លោកកំពុងទាក់ទងជាមួយក្រុមហ៊ុនធំៗចំនួន៤ អំពីការលក់ក្រុមហ៊ុន TikTok នៅអាមេរិក។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

តាមដានជាមួយយើង៖ Million Times

លោក Trump បានបង្ហើបទៀតថា កិច្ចព្រមព្រៀងទិញលក់ក្រុមហ៊ុន TikTok ទំនងនឹងសម្រេចបាននាពេលឆាប់ៗ ហើយបើសិនជាវាត្រូវការពេលច្រើនជាងនេះ នោះលោកនឹងពន្យារពេលបន្ថែម ពីលើការពន្យារពេល ៧៥ថ្ងៃដែលបានដាក់ចេញកាលពីពាក់កណ្ដាលខែមករា ជុំវិញការបិទអាជីវកម្មរបស់ TikTok នៅអាមេរិក។

សូមជម្រាបដែរថា ទោះបីជាលោក Trump បង្ហើបថាមានក្រុមហ៊ុនធំៗចំនួន៤ ចាប់អារម្មណ៍ទិញ TikTok មែន តែប្រធានាធិបតីរូបនេះមិនបានបញ្ជាក់ច្បាស់ពីអត្តសញ្ញាណនៃក្រុមហ៊ុនទាំងនោះឡើយ។

មេដឹកនាំអាមេរិកសង្ឃឹមថា កិច្ចព្រមព្រៀងទិញលក់ TikTok នៅអាមេរិក នឹងសម្រេចបាននាពេលឆាប់ៗ និងទាមទារឲ្យក្រុមហ៊ុនអាមេរិកមានចំណែកភាគហ៊ុនយ៉ាងតិច ៥០% បើសិនជា TikTok មិនព្រមលក់អាជីវកម្មទាំងស្រុង។ លោក Trump អះអាងទៀតថា ការទិញលក់ TikTok ត្រូវការការសម្របសម្រួលខ្លាំងពីភាគីរដ្ឋាភិបាលចិន ហើយលោកក៏បានជជែកជាមួយពួកគេរួចដែរ និងកំពុងរង់ចាំចម្លើយវិញ៕

អត្ថបទ៖ Luffy រូបភាព៖ Reuters