ខណៈដែលមន្ត្រីអាមេរិក និងអ៊ុយក្រែនត្រៀមជួបប្រជុំគ្នានៅប្រទេសអារ៉ាប៊ីសាអូឌីតក្នុងសប្តាហ៍នេះ ប្រធានាធិបតី Donald Trump បានប្រែចិត្តថា កិច្ចព្រមព្រៀងរ៉ែចុះហត្ថលេខារវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុង Kyiv នឹងមិនគ្រប់គ្រាន់ដើម្បីចាប់ផ្តើមផ្តល់ជំនួយ និងការចែករំលែកព័ត៌មានសម្ងាត់ជាមួយប្រទេសដែលហែកហួរដោយសង្រ្គាមនោះទេ។
សារព័ត៌មាន NBC បានដកស្រង់សម្តីក្រុមមន្ត្រីរដ្ឋបាលសហរដ្ឋអាមេរិកថា លោក Trump ចង់ឱ្យកិច្ចព្រមព្រៀងដែលនឹងផ្តល់ឱ្យសហរដ្ឋអាមេរិកនូវភាគហ៊ុននៅក្នុងធនធានរ៉ែរបស់អ៊ុយក្រែនបានចុះហត្ថលេខា ប៉ុន្តែលោកក៏ចង់ឃើញការផ្លាស់ប្តូរអាកប្បកិរិយារបស់ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy ចំពោះការចរចាសន្តិភាព រួមទាំងឆន្ទៈក្នុងការធ្វើសម្បទាន ដូចជាការប្រគល់ទឹកដីឱ្យរុស្ស៊ី។


ក្រុមមន្ត្រីបាននិយាយថា លោក Trump ក៏ចង់ឱ្យលោក Zelenskyy ធ្វើសកម្មភាពខ្លះឆ្ពោះទៅរកការបោះឆ្នោតក្នុងប្រទេសអ៊ុយក្រែន និងអាចឆ្ពោះទៅរកការចុះចេញពីតំណែងជាមេដឹកនាំប្រទេសរបស់លោក។ ការបោះឆ្នោតនៅអ៊ុយក្រែនត្រូវបានផ្អាក ក្រោមបទប្បញ្ញត្តិរដ្ឋធម្មនុញ្ញរបស់ប្រទេសសម្រាប់ច្បាប់អាជ្ញាសឹក ដែលចូលជាធរមានចាប់តាំងពីរុស្ស៊ីបានឈ្លានពានក្នុងឆ្នាំ២០២២។
គួរកត់សម្គាល់ថា រុស្ស៊ីបានបង្កើនការវាយប្រហារលើអ៊ុយក្រែន បន្ទាប់ពីអាមេរិកផ្អាកចែករំលែកឧបករណ៍ និងការស៊ើបការណ៍សម្ងាត់ក្នុងសប្តាហ៍មុន ដែលធ្វើឱ្យថ្ងៃសុក្រក្លាយជាថ្ងៃមួយនៃការស្លាប់ច្រើនបំផុតសម្រាប់ជនស៊ីវិលនៅឆ្នាំនេះ។ បើយោងតាមបេសកកម្មឃ្លាំមើលសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិនៅអ៊ុយក្រែន ភាគច្រើននៃអ្នកស្លាប់ និងរបួសបានកើតឡើងនៅក្នុងតំបន់ Donetsk ក្នុងទឹកដីដែលគ្រប់គ្រងដោយអ៊ុយក្រែន។
សមាជិកសភាមកពីគណបក្សសាធារណរដ្ឋកំពុងដាក់សម្ពាធលើសេតវិមានឱ្យចាប់ផ្តើមឡើងវិញទាំងជំនួយ និងការស៊ើបការណ៍ ហើយក្រុមមន្ត្រីបាននិយាយថា ពួកគេមានសុទិដ្ឋិនិយមថា អាវុធ និងឧបករណ៍ និងការចែករំលែកការស៊ើបការណ៍អាចនឹងត្រូវបានស្តារឡើងវិញនៅដើមសប្តាហ៍នេះ ជាពិសេស បន្ទាប់ពី លោក Zelenskyy ប្រកាសថា អ៊ុយក្រែនត្រៀមខ្លួនជាស្រេចដើម្បីមកតុចរចាឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។ ប្រធានាធិបតីអ៊ុយក្រែនក៏បាននិយាយដែរថា លោកនិងក្រុមរបស់លោក «ត្រៀមខ្លួនជាស្រេចដើម្បីធ្វើការក្រោមការដឹកនាំដ៏រឹងមាំរបស់លោកប្រធានាធិបតី Trump ដើម្បីទទួលបានសន្តិភាពដែលស្ថិតស្ថេរ»៕
អត្ថបទ៖ សារ៉ាយ រូបភាព៖ AFP