រដ្ឋមន្ត្រី​ការបរទេស​អាមេរិកនឹងជួបភាគី​អ៊ុយក្រែន​នៅ​អារ៉ាប៊ីសាអូឌីត​ ជជែកបញ្ចប់សង្រ្គាមឲ្យបានឆាប់

រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio នឹងធ្វើទស្សនកិច្ចនៅប្រទេសអារ៉ាប៊ីសាអូឌីត ចាប់ពីថ្ងៃទី១០-១២ ខែមីនា ដើម្បីពិភាក្សាជាមួយភាគីអ៊ុយក្រែន តាមឆន្ទៈប្រធានាធិបតី Donald Trump ចង់បញ្ចប់សង្រ្គាមរុស្ស៊ី-អ៊ុយក្រែនឱ្យបានឆាប់។

សេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសអាមេរិកដែលសារព័ត៌មាន Reuters ដកស្រង់ចេញផ្សាយបាននិយាយថា លោក Rubio ក៏នឹងមានកិច្ចប្រជុំជាមួយព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត Mohammed bin Salman ។ បន្ទាប់មក លោក Rubio នឹងធ្វើដំណើរទៅកាន់ប្រទេសកាណាដាសម្រាប់កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស G7 នាថ្ងៃទី១២ ដល់១៤ ខែមីនា។

តាមដានជាមួយយើង៖ Million Times

លោក Rubio បាននិយាយជាមួយរដ្ឋមន្ត្រីការបរទេសអ៊ុយក្រែនលោក Andrii Sybiha កាលពីថ្ងៃសុក្រ ថា ប្រធានាធិបតី Donald Trump ចង់បញ្ចប់សង្រ្គាមរុស្ស៊ី-អ៊ុយក្រែនឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។

លោក Trump បានផ្អាកការផ្តល់ជំនួយផ្នែកយោធា និងការចែករំលែកចារកម្មជាមួយអ៊ុយក្រែនបន្ទាប់ពីការប៉ះទង្គិចគ្នារវាងសេតវិមានជាមួយប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskiy កាលពីថ្ងៃទី២៨ ខែកុម្ភៈ។

លោក Zelenskiy បាននិយាយថា លោកក៏នឹងទៅបំពេញទស្សនកិច្ចនៅអារ៉ាប៊ីសាអូឌីត ដើម្បីជួបពិភាក្សាជាមួយព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត Mohammed bin Salman ហើយថាតំណាងការទូត និងយោធារបស់អ៊ុយក្រែន នឹងជួបជាមួយក្រុមអាមេរិកនៅថ្ងៃអង្គារ។

អត្ថបទ៖ សារ៉ាយ រូបភាព៖ REUTERS