ក្បួនប្រតិភូកង់ចំនួន ៣៥០កង់ ដែលមានជនបរទេស ៣០នាក់ ស្រ្តី ២០នាក់ បានធ្វើដំណើរមកពីទីស្ដីការក្រសួងទេសចរណ៍ ឆ្ពោះមកទីរួមខេត្តតាកែវ មានចម្ងាយ ៧៥គីឡូម៉ែត្រ នាព្រឹកថ្ងៃសៅរ៍ ទី៨ ខែមីនា ឆ្នាំ២០២៥ ដើម្បីអបអរសារទរព្រឹត្តិការណ៍បុណ្យទន្លេលើកទី០៩ នៅខេត្តតាកែវ ក្រោមប្រធានបទ «គុណតម្លៃនៃទន្លេ ផ្សារភ្ជាប់វប្បធម៌ និងទេសចរណ៍ធម្មជាតិ» ដែលនឹងរៀបចំនៅថ្ងៃ ២១-២២ និងថ្ងៃទី២៣ ខែមីនា ឆ្នាំ០២៥ខាងមុខនេះ។
ក្នុងដំណើរជិះកង់ដល់ទីរួមខេត្តតាកែវ ត្រូវបានទទួលស្វាគមន៍ពីថ្នាក់ដឹកនាំរដ្ឋបាលខេត្តតាកែវ។ បន្ថែមពីនេះ ព្រឹត្តិការណ៍សេរីភាពជិះកង់កម្សាន្ត ចម្ងាយ ៧៥គីឡូម៉ែត្រនេះ បានចេញដំណើរចាប់ពីវេលាម៉ោង៥:០០នាទីព្រឹក ឆ្ពោះទៅកាន់ទីរួមខេត្តតាកែវ ក្នុងគោលបំណងចូលរួមផ្សព្វផ្សាយតំបន់គោលដៅ និងសន្តានុពលទេសចរណ៍ខេត្តតាកែវ នឹងដើម្បីចូលរួមអបអរសាទរទិវានារីអន្តរជាតិ៨មីនា ឆ្នាំ២០២៥។


មុននឹងមកដល់ទីរួមខេត្តតាកែវ ក្បួនប្រតិភូជិះកង់បានជិះទៅទស្សនាប្រាសាទតាព្រហ្ម ដែលស្ថិតនៅភូមិថ្នល់ទក្សិណ ឃុំក្រាំងធ្នង់ ស្រុកបាទី ដែលមានចម្ងាយ៣៤គីឡូម៉ែត្រពីរាជធានីភ្នំពេញ តាមផ្លូវជាតិលេខ២ និងចូលរួមឧបត្ថម្ភសម្ភារៈសិក្សាដល់សិក្សានុសិស្សនៅស្រុកបាទីផងដែរ។
ដំណើរបេសកកម្មផ្សព្វផ្សាយតំបន់គោលដៅ និងសក្តានុពលទេសចរណ៍របស់ប្រតិភូជិះកង់ នៅទីបំផុតបានជិះមកដល់ទីរួមខេត្តតាកែវ ដោយលោក វ៉ី សំណាង អភិបាលខេត្តរង់ចាំទទួលស្វាគមន៍ក្បួនជិះកង់ នៅឯសួនច្បារមាត់បឹងតាកែវ ព្រមទាំងបានផ្តល់ជូនក្រមាម្នាក់មួយទុកជាអនុស្សាវរីយ៍ និងរៀបចំអាហារដោយបបរបង្កង និងពងទាកូន ដែលជាម្ហូបដ៏ល្បីប្រចាំខេត្តតាកែវផងដែរ៕










អត្ថបទ៖ សាងតេជៈ រូបភាព៖ រដ្ឋបាលខេត្តតាកែវ