សមាជិកព្រឹទ្ធសភាកាណាដា Patrick Brazeau បានបបួលលោក Donald Trump Jr. កូនប្រុសច្បងរបស់ប្រធានាធិបតីអាមេរិក Donald Trump វាយគ្នាមួយស្មើ ក្រោយមេដឹកនាំអាមេរិកប្រកាសពីការទារពន្ធគយបន្ថែម ពីកាណាដាចាប់ពីដើមសប្ដាហ៍នេះ។


សារព័ត៌មាន The Hill បានចុះផ្សាយថា លោក Patrick បានបបួលកូនប្រុសប្រធានាធិបតីអាមេរិក វាយគ្នាមួយលើសង្វៀន ដើម្បីរៃអង្គាសប្រាក់ជូនអង្គការសប្បុរសធម៌ និងវិទ្យាស្ថានស្រាវជ្រាវរកថ្នាំព្យាបាលជំងឺមហារីក ខណៈអង្គការដែលនឹងទទួលប្រាក់ទាំងនោះ គឺអាស្រ័យតាមការជ្រើសរើសរបស់លោក Trump Jr. ។
លោក Brazeau បាននិយាយថា កាណាដា និងអាមេរិកពុំចាំបាច់ធ្វើសង្គ្រាមពាណិជ្ជកម្មអីឡើយ ព្រោះវាគ្មានផលចំណេញសម្រាប់ប្រទេសទាំង២ តែពួកគេអាចបង្កើតការប្រកួតគ្នាលើសង្វៀន ដើម្បីរៃអង្គាសប្រាក់ ជូនដល់អង្គការសប្បុរសធម៌ សម្រាប់ដោះស្រាយបញ្ហាប្រឈម ដែលពិភពលោកកំពុងមានវិញ ទើបជារឿងប្រសើរ។
គួរជម្រាបដែរថា ការបបួលវាយគ្នាលើសង្វៀនរបស់លោក Brazeau ជាមួយកូនប្រុសមេដឹកនាំអាមេរិក បានកើតឡើងចំពេលមានភាពតានតឹងចំពោះស្ថានភាពពាណិជ្ជកម្មរវាងអាមេរិក និងកាណាដា៕
អត្ថបទ៖ Luffy រូបភាព៖ CBC