កាលពីថ្ងៃទី០៦ ខែមីនា ប្រធានាធិបតីអាមេរិក Donald Trump បានចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិមួយ ក្នុងការបង្កើតទុនបម្រុងយុទ្ធសាស្ត្រ Bitcoin ខណៈសេចក្ដីប្រកាសនេះធ្វើឡើងមួយថ្ងៃ មុនជំនួបជាមួយថ្នាក់ដឹកនាំកំពូលៗរកស៊ី ក្នុងវិស័យរូបិយវត្ថុឌីជីថលនៅសេតវិមាន។ នេះបើតាមទីភ្នាក់ងារព័ត៌មាន Reuters បានចុះផ្សាយ។


អ្នកផ្ដល់ប្រឹក្សា និងសម្របសម្រួលគោលនយោបាយកាក់គ្រីបតូប្រចាំសេតវិមាន មហាសេដ្ឋី David Sacks បានប្រកាសលើបណ្ដាញសង្គម X ថា ទុនបម្រុងថ្មីនេះ នឹងត្រូវប្រមូលផ្ដុំកាក់ Bitcoin ដែលជាកម្មសិទ្ធរបស់រដ្ឋាភិបាលសហព័ន្ធ ធ្លាប់បានរឹបអូសពីបទល្មើសព្រហ្មទណ្ឌ និងស៊ីវិលកន្លងមក។
មហាសេដ្ឋីអាមេរិករូបនេះបន្ថែមទៀតថា រដ្ឋាភិបាលនឹងរកមធ្យោបាយ តំឡើងថ្លៃកាក់ដែលមានក្នុងទុនបម្រុងឲ្យកាន់តែថ្លៃ តែមិនបានបញ្ជាក់លំអិតឡើយ ស្របពេលគេមិនទាន់ដឹងច្បាស់ថា ទុនបម្រុងថ្មីនេះនឹងដំណើរការយ៉ាងដូចម្ដេច ហើយផ្ដល់ផលប្រយោជន៍អ្វីខ្លះ សម្រាប់អ្នកបង់ពន្ធឡើយ។

លោក Sacks បានសង្កត់ធ្ងន់ថា រដ្ឋាភិបាលអាមេរិកមានកាក់ Bitcoin ប្រហែល ២០០ ០០០កាក់ និងគ្មានបំណងលក់កាក់ក្នុងទុនបម្រុងឡើយ ពោលមានតែទិញថែម ដោយសារកាក់នេះប្រៀបដូចជា «ដុំមាសឌីជីថល» ហើយលោកប្រដូចទុនបម្រុង Bitcoin ទៅនឹងឃ្លាំងស្តុកមាសរបស់អាមេរិក Ford Knox ថែមទៀត។
គួររំលឹកបន្តិចថា កាលពីសប្ដាហ៍មុន ប្រធានាធិបតី Donald Trump ធ្លាប់បង្ហើបពីគម្រោងបង្កើតទុនបម្រុងយុទ្ធសាស្ត្រ ផ្អែកលើរូបិយវត្ថុឌីជីថល ដោយលោកបានប្រកាសពីកាក់ចំនួន៥ ក្នុងផែនការនេះរួមមាន កាក់ Bitcoin, Ether, XRP, Solana និង Cardano៕
អត្ថបទ៖ Luffy រូបភាព៖ Mashable