ប្រធានាធិបតីអាមេរិក Donald Trump បានប្រកាសថា លោកនឹងជូនដំណឹងទៅសភា ស្ដីពីផែនការទារពន្ធសងសឹកចំពោះបណ្ដាប្រទេសជាច្រើន ចាប់ពីថ្ងៃទី០២ ខែមេសាតទៅ។
សារព័ត៌មាន Reuters បានចុះផ្សាយថា សេចក្ដីប្រកាសរបស់លោក Trump បានធ្វើឡើងនៅក្នុងកិច្ចប្រជុំសភាដំបូង តាំងពីលោកក្លាយជាមេដឹកនាំអាមេរិកកាលពីខែមុន ខណៈបច្ចុប្បន្នប្រធានាធិបតីរូបនេះ កំពុងអនុវត្តវិធានការទារពន្ធគយបន្ថែម ពីដៃគូពាណិជ្ជកម្មធំៗ៣ គឺប្រទេសកាណាដា ម៉ិកស៊ិក និងចិន ដែលត្រូវបានគេមើលឃើញថា ជាការបង្កាត់ភ្លើងសង្គ្រាមពាណិជ្ជកម្ម។


ប្រធានាធិបតីអាមេរិកអាណត្តិទី៤៥ និង៤៧ រូបនេះបាននិយាយថា «រាល់ពន្ធដែលពួកគេទាមទារពីយើង យើងនឹងទារពន្ធពីពួកគេដូចគ្នា។ បើសិនជាពួកគេអនុវត្តវិធានការពន្ធមិនមែនរូបិយវត្ថុ ដើម្បីបិទមិនឲ្យទំនិញយើងចូលទីផ្សារពួកគេ យើងក៏នឹងធ្វើបែបនេះ ដើម្បីរារាំងផលិតផលរបស់ពួកគេចូលក្នុងទីផ្សារអាមេរិកដូចគ្នា»។
លោក Trump បានអះអាងថា វិធានការសងសឹកពន្ធរបស់លោក នឹងបើកផ្លូវឲ្យវិស័យឧស្សាហកម្មយានយន្ត ទទួលបានផលប្រយោជន៍ច្រើន ប៉ុន្តែជាមួយគ្នាក៏មានការព្រួយបារម្ភថា ការតំឡើងពន្ធពីកាណដា និងម៉ិកស៊ិក នឹងបង្កជាវិបត្តិអតិផរណា ហើយថែមទាំងប៉ះពាល់ដល់សង្វាក់ផ្គត់ផ្គង់ នៅទូទាំងទ្វីបអាមេរិកខាងជើង ដែលមានស្ថានភាពរឹងមាំរយៈពេល ២៥ឆ្នាំកន្លងមកនេះ៕
អត្ថបទ៖ Luffy រូបភាព៖ AP