កាលពីថ្ងៃទី០៦ ខែមីនា សារព័ត៌មាន Reuters បានរាយការណ៍ថា អត្រាកាត់បន្ថយការងារនៅសហរដ្ឋអាមេរិក បានឈានដល់ចំណុចកំពូលមួយមិនធ្លាប់មាន តាំងពីកើតមានវិបត្តិសេដ្ឋកិច្ច ២លើកចុងក្រោយ ពោលការកាត់បន្ថយបុគ្គលិកនៅទូទាំងសហរដ្ឋអាមេរិក មានកំណើនរហូតដល់ ២៤៥% កាលពីខែកុម្ភៈ។


ចំនួនបុគ្គលិកដែលត្រូវបានគេបណ្ដេញចេញនៅអាមេរិកកាលពីខែមុនគឺ ១៧២ ០១៧នាក់ ដែលក្នុងនោះប្រហែល ៤០% ជាបុគ្គលិកសហព័ន្ធរដ្ឋាភិបាល និង ៦០% ទៀត ជាបុគ្គលិកនៃក្រុមហ៊ុនឯកជនរកស៊ីក្នុងវិស័យជាច្រើនរួមមាន វិស័យលក់រាយ បច្ចេកវិទ្យា សេវាកម្ម និងឧស្សាហកម្មជាដើម។
Reuters បានរកឃើញរបាយការណ៍អះអាងថា រដ្ឋាភិបាលបានកាត់បន្ថយបុគ្គលិកចំនួន ៦២ ២៤២នាក់ មកពីទីភ្នាក់ងាររដ្ឋចំនួន១៧ កាលពីខែកុម្ភៈ ដើម្បីស្របតាមគោលនយោបាយកាត់បន្ថយការចំណាយរបស់រដ្ឋាភិបាល។
គួរជម្រាបដែរថា ក្រុមហ៊ុនឯកជននៅអាមេរិកជាច្រើនបានប្រកាសកាត់បន្ថយបុគ្គលិក ដើម្បីគាំទ្រនូវគោលនយោបាយថ្មីរបស់ប្រធានាធិបតី Donald Trump ស្របពេលមានការភ័យខ្លាចពីហានិភ័យសង្គ្រាមពាណិជ្ជកម្មផង ទើបពួកគេសម្រេចចិត្តបញ្ឈប់បុគ្គលិកជាបន្តបន្ទាប់។

ការបណ្ដេញបុគ្គលិកទ្រង់ទ្រាយធំ ការលុបចោលកិច្ចកុងត្រានានា គួបផ្សំសង្គ្រាមពាណិជ្ជកម្មរវាងចិន និងអាមេរិក កំពុងឡើងកម្ដៅខ្លាំង បានបង្ហាញឲ្យកាន់តែច្បាស់ថា គោលនយោបាយដែលដាក់ចេញដោយរដ្ឋបាលលោក Trump បានធ្វើឲ្យទីផ្សារការងារនៅអាមេរិក ប្រឈមជាមួយវិបត្តិធ្ងន់ធ្ងរ៕
អត្ថបទ៖ Luffy រូបភាព៖ Reuters