នាថ្ងៃព្រហស្បតិ៍ ទី០៦ ខែមីនា សភាពាណិជ្ជកម្មថៃបានអំពាវនាវ និងទទូចសុំឲ្យរដ្ឋាភិបាលមានអន្តរាគមបន្ទាន់ ដើម្បីស្វែងរកដំណោះស្រាយ ចំពោះគោលនយោបាយពាណិជ្ជកម្មរបស់អាមេរិក លើដៃគូពាណិជ្ជកម្មនានាទូទាំងសកលលោក។
សារព័ត៌មាន Reuters បានរាយការណ៍ថា ក្រុមអ្នកជំនួញថៃកំពុងភ័យស្លន់ស្លោរ ជាមួយវិធានការតំឡើងពន្ធគយយ៉ាងចាស់ដៃ របស់ប្រធានាធិបតី Donald Trump ចំពោះទំនិញនាំចូលសហរដ្ឋអាមេរិក។


សភាពាណិជ្ជកម្មថៃបានដាក់សំណើទៅកាន់រដ្ឋាភិបាល ត្រូវតែពិនិត្យឡើងវិញជាបន្ទាន់នូវពន្ធនាំចូលរបស់ខ្លួនលើទំនិញអាមេរិក និងបង្កើនការនាំចូល ដើម្បីកាត់បន្ថយអតិរេកពាណិជ្ជកម្មជាមួយទីក្រុងវ៉ាស៊ីនតោន ចំពេលមានជម្លោះពាណិជ្ជកម្មសកលកំពុងឡើងកម្ដៅ។
គួរកត់សម្គាល់ដែរថា សហរដ្ឋអាមេរិក គឺជាទីផ្សារនាំចេញធំបំផុតរបស់ថៃកាលពីឆ្នាំមុន ដោយគ្របដណ្ដប់លើការនាំចេញសរុប ១៨,៣% ឬជិត ៥៥ពាន់លានដុល្លារ ខណៈអតិរេកពាណិជ្ជកម្មរវាងថៃ និងអាមេរិក មានរហូតដល់ ៣៥,៤ពាន់លានដុល្លារ។
សភាពាណិជ្ជកម្មថៃកំពុងមានការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះវិធានការពន្ធគយរបស់លោក Trump ដោយអះអាងថា ការនាំចេញរបស់ថៃក្នុងឆ្នាំនេះ អាចប្រឈមនឹងហានិភ័យខាតបង់ខ្ពស់ ដោយសារការទារពន្ធថ្លៃខ្លាំងពេក៕
អត្ថបទ៖ Luffy រូបភាព៖ ThaiPBS