ក្រុមហ៊ុន Tesla របស់មហាសេដ្ឋីមានបំផុតលើលោក Elon Musk កំពុងមានផែនការសាងសង់រោងចក្រខ្នាតយក្សថ្មីមួយ នៅក្នុងរដ្ឋតិចសាស់ ដែលផ្ដោតសំខាន់លើការផលិតអាគុយរថយន្ត។ នេះបើតាមការចុះផ្សាយពីគេហទំព័រ Electrek។


ប្រភពដដែលបានបន្ថែមថា រោងចក្រដ៏ធំសម្បើមរបស់ក្រុមនេះ នឹងផ្ដោតជាពិសេសលើការផលិតអាគុយ សម្រាប់រថយន្ត Tesla នៅសហរដ្ឋអាមេរិក ហើយមានគម្រោងសាងសង់លើផ្ទៃដីទំហំជាង ៩ម៉ឺនម៉ែត្រការ៉េ។
ក្រោមកិច្ចព្រមព្រៀងអនុគ្រោះពន្ធ ក្រុមហ៊ុនមួយនេះនឹងទទួលបានការលើកលែងពីអាជ្ញាធរ ចំពោះការធ្វើឲ្យប្រសើរឡើងនៃអចលនទ្រព្យ រួមមានកញ្ចប់ទឹកប្រាក់ការកែលម្អរោងចក្រ ៤៤លានដុល្លារ និងឧបករណ៍ផលិតក្នុងក្រុមហ៊ុន Tesla ១៥០លានដុល្លារទៀត ខណៈទំហំទឹកប្រាក់ដែលក្រុមហ៊ុន ត្រៀមសម្រាប់បញ្ចប់គម្រោងមិនទាន់បង្ហើបឲ្យដឹងនៅឡើយ។
សារព័ត៌មាន Electrek បានអះអាងថា រោងចក្រខ្នាតយក្សថ្មីរបស់ក្រុមហ៊ុន Tesla នឹងបង្កើតឱកាសការងារ រហូតដល់ ១ ៥០០កន្លែងនៅក្នុងរដ្ឋតិចសាស់៕
អត្ថបទ៖ Luffy រូបភាព៖ Electrek