Trump ផ្ដាំផ្ញើរទៅប្រជាជន Greenland ថានឹងជួយឲ្យពួកគេក្លាយជាអ្នកមាន បើអាមេរិកទិញតំបន់នេះបាន

កាលពីថ្ងៃទី០៤ ខែមីនា ប្រធានាធិបតីអាមេរិក Donald Trump បានប្រកាសថា លោកនឹងជួយឲ្យប្រជាជន Greenland មានជីវភាពធូរធារជាងមុន បើសិនជាអាមេរិកចរចាទិញយកតំបន់នេះ មកគ្រប់គ្រងបាន។

តាមដានជាមួយយើង៖ Million Times

សារព័ត៌មាន Reuters បានចុះផ្សាយថា លោក Trump នៅតែបង្ហាញមហិច្ឆតាទិញយកតំបន់ Greenland មកធ្វើជាកម្មសិទ្ធរបស់អាមេរិក បើទោះជាកន្លងមករដ្ឋាភិបាលដាណឺម៉ាកប្រកាន់ជំហរថា ទោះជាឲ្យប្រាក់ប៉ុន្មានក៏មិនលក់ទឹកដីរបស់ខ្លួនជាដាច់ខាត។

លោក Trump បាននិយាយផ្ដាំផ្ញើទៅកាន់ប្រជាជន Greenland ថា «ពួកយើងនឹងជួយរក្សាសុវត្ថិភាព និងធ្វើឲ្យអ្នកមានជីវភាពល្អប្រសើរជាងមុន ហើយជាមួយគ្នា យើងនឹងជួយជំរុញសក្ដានុពល Greenland ឲ្យឈានដល់ចំណុចកំពូលមួយ ដែលគ្រប់គ្នាមិនធ្លាប់ស្រមៃពីមុនមកសោះ»។

គួរជម្រាបដែរថា គោលបំណងរបស់ប្រធានាធិបតី Donald Trump ក្នុងការចង់បានតំបន់ Greenland មកគ្រប់គ្រង គឺដោយសារទីនោះពោរពេញដោយសម្បត្តិធម្មជាតិ និងរ៉ែកម្រៗ ដែលអាចផ្ដល់អត្ថប្រយោជន៍ធំសម្រាប់អាមេរិក។

មួយវិញទៀត លោក Trump មានបំណងចង់សង់មូលដ្ឋានទ័ពអាមេរិកនៅទីនោះ ដោយសារវាគឺជាផ្លូវភ្ជាប់រវាងតំបន់អ៊ឺរ៉ុប និងអាមេរិកខាងជើងជិតបំផុត និងមានសារៈសំខាន់ ក្នុងការបំពាក់ប្រព័ន្ធការពារគ្រាប់មីស៊ីលរបស់អាមេរិក៕

អត្ថបទ៖ Luffy រូបភាព៖ The Australian/ BangkokPost