TikTok ត្រៀមបោះទុនជិត ៩ពាន់លានដុល្លារ វិនិយោគនៅថៃរយៈពេល ៥ឆ្នាំ

ក្រុមហ៊ុន TikTok កំពុងមានបំណងចាយលុយ ៨,៨ពាន់លានដុល្លារ សម្រាប់គម្រោងវិនិយោគនៅក្នុងប្រទេសថៃ រយៈពេល ៥ឆ្នាំខាងមុខ ដោយផ្ដោតសំខាន់លើបច្ចេកវិទ្យាឌីជីថល។

តាមដានជាមួយយើង៖ Million Times

ទីភ្នាក់ងារព័ត៌មាន Reuters បានរាយការណ៍ថា ក្រុមហ៊ុន TikTok ចង់ពង្រឹងបន្ថែមលើហេដ្ឋារចនាសម្ព័ន្ធឌីជីថលរបស់ខ្លួន អភិវឌ្ឍន៍បន្ថែមនូវក្រុមការងារធនធានមនុស្ស និងគំនិតផ្តួចផ្តើមសុវត្ថិភាពតាមអ៊ីនធឺណិត។

លោកស្រី Helena Lersch អនុប្រធានគោលនយោបាយសាធារណៈរបស់ TikTok បានជួបពិភាក្សាពីគម្រោងមួយនេះ ជាមួយនាយករដ្ឋមន្ត្រីថៃ Paetongtarn Shinawatra ក្នុងទីក្រុងបាងកក កាលពីសប្ដាហ៍មុន ខណៈថ្នាក់ដឹកនាំថៃបង្ហាញការសាទរចំពោះផែនការនេះ។

គម្រោងវិនិយោគដ៏ធំរបស់ TikTok នៅក្នុងប្រទេសអាស៊ាននេះ កើតឡើងបន្ទាប់ពីពួកគេប្រឈមនឹងការបិទអាជីវកម្មនៅអាមេរិក ស្របពេលបច្ចុប្បន្នថៃ កំពុងបើកដៃខ្លាំង ចំពោះក្រុមហ៊ុនដែលមានបំណងមករកស៊ីក្នុងប្រទេសខ្លួន នៅក្នុងវិស័យបច្ចេកវិទ្យាឌីជីថលស្រាប់ ដោយអះអាងថា វាគឺជាឱកាសក្នុងការជួយដល់សេដ្ឋកិច្ចជាតិ៕

អត្ថបទ៖ Luffy រូបភាព៖ Bloomberg