កាលពីពេលថ្មីៗនេះ មហាសេដ្ឋីសិង្ហបុរី Peter Lim បានចេញមុខច្រានចោលនូវព័ត៌មានថា លោកមានបំណងលក់ក្លិបបាល់ទាត់អេស្ប៉ាញ Valencia CF ដោយសារបញ្ហាហិរញ្ញវត្ថុ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Business Times។


ក្រុមហ៊ុន Meriton Holdings របស់មហាសេដ្ឋីរូបនេះ និងជាម្ចាស់ក្លិបបាល់ទាត់ Valencia បានចេញសេចក្ដីថ្លែងការណ៍មួយថា « Meriton ចង់មកបញ្ជាក់ឲ្យច្បាស់ថា ព័ត៌មានទាំងនោះគឺជារឿងក្លែងក្លាយ។ Valencia CF មិនមែនដាក់លក់លើទីផ្សារឡើយ ហើយនឹងនៅតែជាក្លិប Valencia CF ដដែល»។
គួររំលឹកបន្តិចថា កាលពីសប្ដាហ៍មុនមានពាក្យចចាមអារ៉ាមថា លោក Peter Lim កំពុងប្រកាសដាក់លក់ក្លិប Valencia ក្នុងតម្លៃ ៤០០លានអឺរ៉ូ ឬប្រហែល ៤២០លានដុល្លារ ខណៈដំណឹងមួយនេះត្រូវបានគេយកមកនិយាយជាយូរខែមកហើយ ទើបតែសប្ដាហ៍មុនប៉ុណ្ណោះដែលផ្ទុះខ្លាំង។
មូលហេតុដែលធ្វើឲ្យចចាមអារ៉ាមនេះផ្ទុះខ្លាំង គឺបន្ទាប់ពីមានព័ត៌មានថា ក្លិប Valencia កំពុងជួបបញ្ហាហិរញ្ញវត្ថុ ដោយមានបំណុល ៣៤០លានអឺរ៉ូ ដោយសារភាពជាប់គាំងនៃការសាងសង់កីឡដ្ឋានមិនទាន់រួចរាល់៕
អត្ថបទ៖ Luffy រូបភាព៖ Valencia CF