ក្រុមហ៊ុនកំពូលថៃ CP រងការប្ដឹងផ្ដល់ពីប្រជាជន ជុំវិញការបំផ្លាញបរិស្ថាន

កាលពីថ្ងៃអង្គារ ទី០៤ ខែមីនា តុលាការថៃបានបង្ហើបឲ្យដឹងថា បានទទួលពាក្យបណ្ដឹងពីប្រជាជន ប្រកបមុខរបរជាអ្នកនេសាទចំនួន ១០នាក់ ប្ដឹងទៅលើក្រុមហ៊ុន Charoen Pokphand Foods ដែលជាក្រុមហ៊ុនធំបំផុតមួយនៅក្នុងប្រទេស។

តាមដានជាមួយយើង៖ Million Times

សារព័ត៌មាន Reuters បានចុះផ្សាយថា ប្រជាជននេសាទទាំងនោះបានអះអាងថា ក្រុមហ៊ុន CP កំពុងបង្កការខូចខាតដល់បរិស្ថាន តាមរយៈការចិញ្ចឹមត្រីប្រភេទកម្រៗ ដែលប្រភេទត្រីទាំងនោះមានកំណើនយ៉ាងឆាប់រហ័ស និងស៊ីត្រីក្នុងស្រុកជាចំណីអាហារ បង្កការប៉ះពាល់ដល់ការរកស៊ីរបស់ពួកគេ។

តុលាការថៃបានឲ្យដឹងថា ពាក្យបណ្ដឹងនេះគឺជារឿងកម្រកើតមាន ដ្បិតវាកើតឡើងបន្ទាប់ពីក្រុមហ៊ុន CP បានទិញត្រីប្រភេទទីឡាពៀ ពីតំបន់អាហ្វ្រិកខាងលិច មកចិញ្ចឹមតាំងពី១០ឆ្នាំជាងមុន ហើយទើបតែមានបញ្ហា ដោយសារត្រីទាំងនោះស៊ីបង្គា និងខ្យងជាចំណី បណ្ដាលឲ្យប៉ះពាល់ដល់ឧស្សាហកម្មវារីវប្បកម្មថៃ និងប្រព័ន្ធអេកូឡូស៊ីដើម។

ដើមចោទបានទារសំណងពីក្រុមហ៊ុន CP ក្នុងទំហំទឹកប្រាក់ ២,៤ពាន់លានបាត ឬប្រហែល ៧១លានដុល្លារ ប៉ុន្តែក្រុមហ៊ុនខ្នាតយក្សថៃមួយនេះច្រានចោលការចោទប្រកាន់ និងអះអាងថា ពួកគេមិនមែនជាប្រភពនៃបញ្ហា ហើយក៏ស្ម័គ្រចិត្តតស៊ូគ្នាតាមផ្លូវច្បាប់ផងដែរ៕

អត្ថបទ៖ Luffy រូបភាព៖ BBC