ក្រុមហ៊ុនផលិតបន្ទះឈីបខ្នាតយក្សតៃវ៉ាន់ TSMC បានប្រកាសពីផែនការវិនិយោគនៅសហរដ្ឋអាមេរិក កាលពីថ្ងៃទី០៣ ខែមីនា អំឡុងពេល CEO លោក C.C. Wei ជួបជាមួយប្រធានាធិបតី Donald Trump នៅសេតវិមាន។
ទីភ្នាក់ងារព័ត៌មាន Reuters បានចុះផ្សាយថា នាយកប្រតិបត្តិ TSMC រួមជាមួយលោក Trump បានប្រកាសជាសាធារណៈថា ក្រុមហ៊ុនតៃវ៉ាន់មួយនេះ នឹងចាយលុយរហូតដល់ ១០០ពាន់លានដុល្លារ ដើម្បីបង្កើតរោងចក្ររបស់ខ្លួនចំនួន ៥កន្លែងនៅអាមេរិក។


លោក Wei បានបញ្ជាក់ថា គម្រោងពង្រីករោងចក្រនៅអាមេរិកសារនេះ គឺរួមបញ្ចូលនូវរោងចក្រផលិតបន្ទះឈីប ៣កន្លែង និង ២កន្លែងទៀត ជារោងចក្រវេចខ្ជប់ និងមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍទ្រង់ទ្រាយធំ។
ថ្នាក់ដឹកនាំរបស់ក្រុមហ៊ុន TSMC បានអះអាងថា ផែនការចាយលុយ ១០០ពាន់លានដុល្លារនេះ នឹងជួយបង្កើនទិន្នផលផលិតក្នុងស្រុករបស់អាមេរិក និងជួយកាត់បន្ថយការពឹងផ្អែក លើការនាំចូលផលិតផលបន្ទះឈីបពីតំបន់អាស៊ី ចូលក្នុងទីផ្សារអាមេរិកថែមទៀត៕
អត្ថបទ៖ Luffy រូបភាព៖ TSMC