នាថ្ងៃទី០៤ ខែមីនា ប្រធានាធិបតីអាមេរិក Donald Trump បានប្រកាសថា លោកនឹងផ្អាកការផ្គត់ផ្គង់ជំនួយយោធាសម្រាប់ប្រទេសអ៊ុយក្រែន ក្រោយផ្ទុះជម្លោះពាក្យសម្ដីជាមួយប្រធានាធិបតី Volodymyr Zelensky កាលពីសប្ដាហ៍មុន។ នេះបើតាមការបញ្ជាក់ពីមន្ត្រីសេតវិមាន។


សារព័ត៌មាន Reuters បានរាយការណ៍ថា សេចក្ដីប្រកាសផ្អាកជំនួយពីអាមេរិក បានបង្ហាញកាន់តែច្បាស់ថា ភាពប្រេះស្រាំនៃទំនាក់ទំនងអាមេរិក និងអ៊ុយក្រែន កាន់តែធំទៅៗ ប្រឈមនឹងហានិភ័យកាន់តែខ្ពស់។
មន្ត្រីសេតវិមានបានប្រាប់ Reuters ក្នុងលក្ខខណ្ឌលាក់អត្តសញ្ញាណថា «ប្រធានាធិបតី Trump បានបញ្ជាក់ច្បាស់ថា លោកចង់ផ្ដោតលើការស្វែងរកសន្តិភាព។ ពួកយើងត្រូវការដៃគូ ដែលមានឆន្ទៈតែមួយ ដើម្បីសម្រេចបំណងមួយនេះ។ ពួកយើងកំពុងផ្អាក និងពិនិត្យឡើងវិញ នូវជំនួយរបស់យើង ដើម្បីធានាបានថា វាគឺជាផ្នែកមួយនៃដំណោះស្រាយ»។
សេតវិមានមិនបានបញ្ជាក់នោះឡើយ ពីរយៈពេលនៃការផ្អាកជំនួយយោធាសម្រាប់អ៊ុយក្រែន ខណៈស្ថានទូតអ៊ុយក្រែននៅអាមេរិក ក៏មិនបានចេញមកបំភ្លឹចំពោះការសាកសួរព័ត៌មាន ពីសារព័ត៌មាន Reuters ដូចគ្នា។
គួររំលឹកបន្តិចថា កាលពីចុងសប្ដាហ៍មុន ប្រធានាធិបតី Donald Trump រួមទាំងអនុប្រធានាធិបតី JD Vance បានទាស់ពាក្យសម្ដីយ៉ាងខ្លាំងជាមួយលោក Zelensky អំឡុងពេលមេដឹកនាំអ៊ុយក្រែន ធ្វើដំណើរទៅកាន់សេតវិមាន ដើម្បីចុះកិច្ចព្រមព្រៀងរ៉ែ។ លោក Trump បានអះអាងថា Zelensky មិនទាន់ត្រៀមរួចរាល់ក្នុងការបញ្ចប់សង្គ្រាម ហើយថែមទាំងបានបញ្ចប់កិច្ចពិភាក្សាមុនការកំណត់ ដោយបានបណ្ដេញមេដឹកនាំអ៊ុយក្រែនចេញពីការិយាល័យថែមទៀត៕
អត្ថបទ៖ Luffy រូបភាព៖ Newsweek