លោក សាម អ៊ីន អតីតអគ្គលេខាធិការគណបក្សប្រជាធិបតេយ្យមូលដ្ឋាន (GDP) បានបង្ហាញការយល់ឃើញរ បស់លោកទៅលើនយោបាយការបទេសរបស់ប្រជាធិបតី Donald Trump ដែលកំពុងដឹកនាំរដ្ឋបាលសហរដ្ឋអាមេរិកដែលជាអាណត្តិទី២។
តាមរយៈសំណេរបង្ហោះចេញពីទំព័រហ្វេសប៊ុកផ្លូវការរបស់ខ្លួន នៅថ្ងៃទី៣ ខែមីនានេះ លោក សាម អ៊ីន សរសេរថា៖ «បើយើងស្វែងយល់ពីគោលនយោបាយការបរទេសសហរដ្ឋអាមេរិក គោលនយោបាយ “America First” (គិតអាមេរិកជាមុន ជាចម្បង) មិនមែនទើបតែកើតមាននៅសករាជលោកប្រជាធិបតី Donald J. Trump ទេ។ វាកើតមានជាយូរមកហើយ។ គ្រាន់តែលោកប្រធានាធិបតី Donald Trump ជាមនុស្សមាត់ឆៅ ចូលចិត្តនិយាយត្រង់ និយាយចំ និងនិយាយមុត ប៉ុណ្ណោះ ចំពោះនយោបាយការបរទេសអាមេរិក»។


អតីតស្ថាបនិក និងជាអ្នកនយោបាយជាន់ខ្ពស់ម្នាក់របស់គណបក្សប្រជាធិបតេយ្យមូលដ្ឋាន ដែលបានចូលរួមជាមួយគណបក្សប្រជាជនកម្ពុជា រូបនេះបានបង្ហាញទស្សនៈថា ហើយនេះមិនមែនជារឿងចម្លែកទេ តាមពិតមេដឹកនាំប្រទេសណា ក៏តែងគិតផលប្រយោជន៍គេជាមុន និងជាចម្បងដែរ គ្រាន់តែគេមិននិយាយជាចំហ ដូចលោកប្រធានាធិបតី Trump។ មានតែអ្នកនយោបាយស្ទើរភ្លើង និងសកម្មជននយោបាយនៅប្រទេសកំពុងអភិវឌ្ឍន៍ប៉ុណ្ណោះ ដែលមិនដឹងរឿងនេះ ហើយជឿលើសំដីពិរោះរបស់មហាអំណាចនិងលោកខាងលិច។
«តាមពិត នៅក្នុងនយោបាយការបរទេសរបស់មហាអំណាច មានតែរឿងផលប្រយោជន៍ទេ ជារឿងធំចម្បង។ ឯរឿងសិទ្ធិមនុស្ស និងប្រជាធិបតេយ្យ ជារឿងបន្ទាប់បន្សំទេ»។ លោក សាម អ៊ីន បានបន្ថែមថា «កាលចូលប្រឡូកក្នុងវិស័យនយោបាយដំបូង ខ្ញុំក៏ជឿលើពាក្យនយោបាយពិរោះទាំងឡាយដែរ តែក្រោយមក ខ្ញុំបានសិក្សាស្វែងយល់អំពីនយោបាយ ទើបដឹងអំពីការពិតទាំងឡាយ នៅក្នុងនយោបាយការបរទេសរបស់មហាអំណាច»។
លោកគូសបញ្ជាក់ថា «ជាប្រទេសតូច យើងត្រូវខំប្រឹងពឹងខ្លួនឯងឱ្យបានច្រើន និងពឹងគេឱ្យបានតិច ហើយត្រូវស្វែងយល់ពីគ្នា អត់ឱនឱ្យគ្នា និងមិនត្រូវជឿលើបរទេស មកបំផ្លាញសន្តិភាពនិងផលប្រយោជន៍ខ្មែរទេ។ នៅក្នុងវិស័យនយោបាយ គ្មាននរណាស្រឡាញ់ខ្មែរ និងគិតអំពីខ្មែរ ដូចខ្មែរទេ»៕
អត្ថបទ៖ សាងតេជៈ រូបភាព៖ បណ្តាញសង្គមលោក សាម អ៊ីន