Elon Musk ប្រកាសសាធារណៈសុំឲ្យអាមេរិក ដកខ្លួនចេញពីអង្គការសហប្រជាជាតិ និងណាតូ

កាលពីយប់ថ្ងៃសៅរ៍ ទី០១ ខែមីនា មហាសេដ្ឋីមានបំផុតលើលោក និងជាប្រធាននាយកដ្ឋានប្រសិទ្ធភាពការងាររដ្ឋាភិបាល DOGE លោក Elon Musk បានបង្ហោះសារលើបណ្ដាញសង្គម X អំពាវនាវសុំឲ្យអាមេរិកដកខ្លួនចេញពីអង្គការណាតូ និងអង្គការសហប្រជាជាតិ។

តាមដានជាមួយយើង៖ Million Times

គេហទំព័រ Independent បានរាយការណ៍ថា ការអំពាវនាវរបស់លោក Musk ទទួលបានការគាំទ្រខ្លាំងពីសមាជិកសភារដ្ឋ Utah លោក Mike Lee ដែលកន្លងមក តែងតែរិះគន់លើសកម្មភាពរបស់អង្គការណាតូ និងបានហៅសម្ព័ន្ធមិត្តនេះថា ជាការកិបកេងកម្លាំងញើសឈាមអាមេរិក និងផ្ដល់អត្ថប្រយោជន៍សម្រាប់តែអឺរ៉ុបប៉ុណ្ណោះ។

ការអំពាវនាវរបស់មនុស្សជំនិតលោក Trump កើតឡើងបន្ទាប់ពីរដ្ឋបាលប្រធានាធិបតីអាមេរិក បានបញ្ជាក់យ៉ាងច្បាស់ថា ពួកគេនឹងអាចបែរខ្នងចំពោះសម្ព័ន្ធមិត្តទាំងអស់ រួមទាំងអង្គការណាតូផងដែរ បើសិនជារកឃើញថា បានកេងកម្លាំងញើសឈាមអាមេរិក តែមិនផ្ដល់ប្រយោជន៍សម្រាប់ប្រទេសខ្លួន ដែលប្រាសចាកពីគោលនយោបាយ America First របស់លោក Donald Trump។

បើសិនជាអាមេរិកពិតជាសម្រេចចិត្តចាកចេញពីអង្គការណាតូមែន វានឹងមានការផ្លាស់ប្ដូរយ៉ាងខ្លាំង ចំពោះស្ថានភាពសន្តិសុខជាតិនៃបណ្ដាប្រទេសលោកខាងលិច។

សូមជម្រាបដែរថា អង្គការណាតូដែលបង្កើតឡើងតាំងពីឆ្នាំ១៩៤៩ ដើម្បីផ្តល់សន្តិសុខសមូហភាព ប្រឆាំងនឹងសហភាពសូវៀត បច្ចុប្បន្នមានសមាជិកសរុប ៣២ប្រទេស ដោយក្នុងនោះ ៣០ប្រទេសមកពីតំបន់អឺរ៉ុប និង២ប្រទេសទៀតគឺ សហរដ្ឋអាមេរិក និងកាណាដា៕

អត្ថបទ៖ Luffy រូបភាព៖ Newsweek