ប្រធានាធិបតី Donald Trump បានចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិមួយ ដែលកំណត់យកភាសាអង់គ្លេស ជាភាសាផ្លូវការរបស់សហរដ្ឋអាមេរិក ចាប់ពីពេលនេះតទៅ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន BBC។


បទបញ្ជាប្រតិបត្តិថ្មីនេះបានបញ្ជាក់ថា ការបង្កើតភាសាអង់គ្លេសជាភាសាផ្លូវការ នឹងមិនត្រឹមតែជួយសម្រួលផ្នែកទំនាក់ទំនងប៉ុណ្ណោះទេ គឺថែមទាំងពង្រឹងតម្លៃជាតិរួម និងបង្កើតសង្គមឲ្យកាន់តែស្អិតល្មួត និងមានប្រសិទ្ធភាពថែមទៀត។
គួររំលឹកបន្តិចថា នេះគឺជាលើកដំបូងក្នុងប្រវត្តិសាស្ត្រអាមេរិករយៈពេលជិត ២៥០ឆ្នាំ ដែលមានការកំណត់យកភាសាផ្លូវការក្នុងកម្រិតសហព័ន្ធ ដ្បិតនៅអាមេរិកភាសាដែលប្រើប្រាស់ប្រចាំថ្ងៃ គឺមានច្រើនជាង ៣៥០ភាសា។
ជម្រាបបន្ថែមថា ដោយសារសហរដ្ឋអាមេរិកសំបូរទៅដោយជនអន្តោរប្រវេសន៍រស់នៅ មកពីគ្រប់ប្រទេសទូទាំងពិភពលោក បានធ្វើឲ្យភាសានិយាយនៅក្នុងប្រទេសមហាអំណាចសេដ្ឋកិច្ចធំបំផុតលើលោក មានចំនួនច្រើន ខណៈភាសាដែលគេនិយមប្រើប្រាស់បន្ទាប់ពីអង់គ្លេស គឺមានដូចជា ភាសាអេស្ប៉ាញ ចិន បារាំង អាល្លឺម៉ង់ និងភាសាជនជាតិដើមភាគតិចអាមេរិក៕
អត្ថបទ៖ Luffy រូបភាព៖ ABC