មេដឹកនាំអង់គ្លេស និងបារាំង ធ្វើជាស្ពានដើម្បីស្តារកិច្ចចរចាសន្តិភាព ដោយប្រើការបរាជ័យនៃកិច្ចចរចារបស់មេដឹកនាំ-អ៊ុយក្រែន ជាឱកាសមួយដើម្បីភ្ជាប់ទំនាក់ទំនងជាមួយ Trump និង Zelenskyy ក្រោយប្រមុខដឹកនាំទាំងពីរប៉ះទង្គិចពាក្យសម្តីគ្នាមួយប្រ៉ាវផ្អើលពិភពលោកកាលពីថ្ងៃសុក្រ។
នៅថ្ងៃទី២ ខែមីនានេះ នាយករដ្ឋមន្ត្រីអង់គ្លេស លោក Keir Starmer ស្វាគមន៍អគ្គលេខាធិការអង្គការណាតូ (NATO) លោក Mark Rutte សម្រាប់ថ្ងៃកិច្ចប្រជុំកំពូលរបស់មេដឹកនាំអឺរ៉ុប ដើម្បីពិភាក្សាអំពីសន្តិសុខអឺរ៉ុប និងអ៊ុយក្រែន ស្ថិតនៅ Lancaster House ក្នុងទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស។


នាយករដ្ឋមន្ត្រីអង់គ្លេស បារាំង និងអ៊ុយក្រែន បានព្រមព្រៀងគ្នាធ្វើការលើផែនការបទឈប់បាញ់ដើម្បីបង្ហាញដល់សហរដ្ឋអាមេរិក។ នេះបើតាមនាយករដ្ឋមន្ត្រីអង់គ្លេសបាននិយាយកាលពីថ្ងៃអាទិត្យ ខណៈដែលលោកបានរៀបចំធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលមេដឹកនាំអឺរ៉ុបដើម្បីពិភាក្សាអំពីការបញ្ចប់សង្គ្រាម។
កិច្ចប្រជុំកំពូលនេះត្រូវបានផ្តោតលើការខ្វែងគំនិតដាក់គ្នារវាងប្រធានាធិបតីអាមេរិកលោក Donald Trump និងប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy នៅសេតវិមានកាលពីថ្ងៃសុក្រ ចំពោះការមិនដឹងគុណសម្រាប់ការគាំទ្ររបស់សហរដ្ឋអាមេរិកក្នុងការប្រយុទ្ធរបស់អ៊ុយក្រែនប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៊ី។

លោក Starmer បាននិយាយថា លោកបានផ្តោតលើការធ្វើជាស្ពានមួយដើម្បីស្តារកិច្ចចរចាសន្តិភាព ហើយលោកបានប្រើការបរាជ័យនៃកិច្ចចរចាទាំងនោះជាឱកាសមួយដើម្បីភ្ជាប់ទំនាក់ទំនងជាមួយ Trump និង Zelenskyy និងប្រធានាធិបតីបារាំង Emmanuel Macron ជាជាងបង្កើនវោហាសាស្ត្រ។
លោក Starmer បានប្រាប់ BBC ថា “ឥឡូវនេះ យើងបានព្រមព្រៀងគ្នាថា ចក្រភពអង់គ្លេស រួមជាមួយបារាំង និងប្រទេសប្រហែលជាមួយ ឬពីរផ្សេងទៀត នឹងធ្វើការជាមួយអ៊ុយក្រែន លើផែនការបញ្ឈប់ការប្រយុទ្ធគ្នា ហើយបន្ទាប់មកយើងនឹងពិភាក្សាអំពីផែនការនោះជាមួយសហរដ្ឋអាមេរិក” ។
គួរឲ្យដឹងថា លោក Starmer និងលោក Macron បាននិយាយជាមួយលោក Trump តាំងពីថ្ងៃសុក្រនៅសេតវិមាន មុនលោក Zelenskyy ជាន់ដីអាមេរិក៕
អត្ថបទ៖ សារ៉ាយ រូបភាព៖ Reuters