ថៃគ្រោងបោះនុយតូចស្ទូចត្រីធំ ទាញចំណូល ១,៥ពាន់លានដុល្លារ ពីព្រឹត្តិការណ៍សង្ក្រានឆ្នាំថ្មី

ក្រសួងទេសចរណ៍ និងកីឡាថៃបានដាក់សំណើសុំកញ្ចប់ថវិកាពីគណៈរដ្ឋមន្ត្រី ២៤០លានបាត ឬប្រហែល ៧លានដុល្លារ ដើម្បីរៀបចំព្រឹត្តិការណ៍សង្ក្រានឆ្នាំថ្មីនាខែមេសាខាងមុខ ជាមួយគោលបំណងទាញប្រាក់ចំណូលពីភ្ញៀវទេសចរណ៍ ចន្លោះពី៤០ ទៅ ៥០ពាន់លានបាត ឬប្រមាណ ១,៥ពាន់លានដុល្លារ។ នេះបើតាមការចុះផ្សាយពីកាសែត BangkokPost។

តាមដានជាមួយយើង៖ Million Times

រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងកីឡា លោក Sorawong Thienthong បានមានប្រសាសន៍ថា គម្រោងដាក់នុយតូចស្ទូចត្រីធំសារនេះ រំពឹងទទួលបានជោគជ័យខ្ពស់ បន្ទាប់ពីមើលឃើញថា កំណើនភ្ញៀវទេសចរណ៍បរទេស ដែលមកកម្សាន្តក្នុងព្រឹត្តិការណ៍សង្ក្រានកាលឆ្នាំទៅ មានកំណើនប្រហែល ១,៥លាននាក់។

លោក Sorawong បានបញ្ជាក់ទៀតថា រដ្ឋាភិបាល នឹងរៀបចំព្រឹត្តិការណ៍ Maha Songkran World Water Festival ចន្លោះពីថ្ងៃទី១១ ដល់ថ្ងៃទី១៥ ខែមេសា ក្នុងទីក្រុងបាងកក ដោយគ្រោងចំណាយថវិកា ២៤០លានបាត ខណៈគណៈរដ្ឋមន្ត្រីកំពុងពិចារណាលើសំណើនេះ នឹងផ្ដល់ដំណឹងវិញនាសប្ដាហ៍ក្រោយ។

បន្ថែមពីនោះ រដ្ឋមន្ត្រីរូបនេះបានសង្កត់ធ្ងន់ថា ក្រសួងទេសចរណ៍ថៃ កំពុងរៀបផែនការ Thailand Summer Festival ដែលរៀបចំកម្មវិធីកម្សាន្តនានា ចន្លោះពីខែមីនា រហូតដល់ខែកញ្ញា ដើម្បីជំរុញវិស័យទេសចរណ៍ និងបង្កើនប្រាក់ចំណូលពីវិស័យមួយនេះឲ្យកាន់តែខ្លាំង ក្នុងការលើកកម្ពស់សេដ្ឋកិច្ចជាតិ។ កម្មវិធីដែលគ្រោងរៀបចំទាំងនោះរួមមាន ការប្រគុំតន្រ្តីអន្តរជាតិ កម្មវិធីបង្ហោះខ្លែងថ្នាក់ជាតិ ការប្រកួតកីឡាលំដាប់ថ្នាក់ពិភពលោក និងការប្រណាំងម៉ូតូលំដាប់ថ្នាក់អន្តរជាតិជាដើម៕

អត្ថបទ៖ Luffy រូបភាព៖ BangkokPost