Trump ប្ដេជ្ញាទារពន្ធបន្ថែម ១០% ពីចិន និង ២៥% ពីកាណាដា និងម៉ិកស៊ិក ចាប់ពីដើមខែក្រោយ

កាលពីថ្ងៃទី២៧ ខែកុម្ភៈ ប្រធានាធិបតីអាមេរិក Donald Trump បានអះអាងថា ចាប់ពីថ្ងៃទី០៤ ខែមីនា រដ្ឋបាលរបស់លោកនឹងចាប់ផ្ដើមផែនការទារពន្ធ ២៥% ពីប្រទេសកាណាដា និងម៉ិកស៊ិក ហើយទារពន្ធបន្ថែម ១០% លើទំនិញពីប្រទេសចិន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

តាមដានជាមួយយើង៖ Million Times

លោក Trump ប្ដេជ្ញាចិត្តអនុវត្តវិធានការមួយនេះឲ្យខាងតែបាន បន្ទាប់ពីមើលឃើញថា លំហូរចូលនៃគ្រឿងញៀនហ្វេតានីលនៅសហរដ្ឋអាមេរិក មិនមានភាពធូរស្បើយទាល់តែសោះ និងបានចោទថា ប្រទេសទាំង៣ ខាងលើ គឺជាប្រភពនៃការនាំចូលគ្រឿងញៀនមួយប្រភេទនេះ។

ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាននៅការិយាល័យពងក្រពើ មេដឹកនាំអាមេរិកបញ្ជាក់ថា ពន្ធបន្ថែម ១០% លើទំនិញចិន ដែលគ្រោងបញ្ចេញនាដើមខែក្រោយ គឺត្រូវបូកបន្ថែមលើពន្ធ ១០% ដែលធ្លាប់ប្រកាសកាលពីដើមខែនេះ ពោលទំនិញពីប្រទេសចិន ដែលនាំចូលក្នុងទឹកដីអាមេរិក ចាប់ពីថ្ងៃទី០៤ ខែមីនាតទៅ តម្រូវឲ្យបង់ពន្ធគយសរុប ២០%។

ចំណែកឯវិធានការទារពន្ធបន្ថែម ២៥% ពីកាណាដា និងម៉ិកស៊ិក ដែលត្រូវបានពន្យារពេលមួយខែនោះ ក៏នឹងត្រូវអនុវត្តចាប់ពីខែក្រោយទៅដូចគ្នា ដោយសាររដ្ឋបាលលោក Trump អះអាងថា ប្រទេសទាំង២ នេះមិនបានព្យាយាមលុបបំបាត់លំហូរចូលគ្រឿងញៀន មកក្នុងទឹកដីអាមេរិកតាមរយៈច្រកព្រំដែនរៀងៗខ្លួនឡើយ៕

អត្ថបទ៖ Luffy រូបភាព៖ GMA Network