ប្រធានាធិបតីឥណ្ឌូណេស៊ី សម្ពោធធនាគារសន្សំមាសដំបូងបំផុតនៅក្នុងប្រទេស

កាលពីថ្ងៃទី២៦ ខែកុម្ភៈ ប្រធានាធិបតីឥណ្ឌូណេស៊ី Prabowo Subianto បានចូលរួមសម្ពោធធនាគារសន្សំមាសចំនួន២ ខណៈវាគឺជាលើកដំបូងដែលឥណ្ឌូណេស៊ី មានធនាគារពិសេស បង្កើតឡើងសម្រាប់តែសន្សំមាសសុទ្ធបែបនេះ។

តាមដានជាមួយយើង៖ Million Times

ទីភ្នាក់ងារព័ត៌មាន VNA បានឲ្យដឹងថា ធនាគារមាសនេះត្រូវបានបង្កើតឡើង ក្នុងគោលបំណងជំរុញកំណើនទុនបម្រុងមាសក្នុងស្រុក ចំពេលរដ្ឋាភិបាលកំពុងអភិវឌ្ឍន៍បន្ថែម ក្នុងវិស័យផលិតមាសឲ្យកាន់តែច្រើនជាងមុន ក្រៅពីមធ្យោបាយជីករ៉ែថែមទៀត។

ឥណ្ឌូណេស៊ី គឺជាប្រទេសមួយសំបូរដោយធនធានរ៉ែមាសធំបំផុតលើពិភពលោក ប៉ុន្តែលោក Prabowo អះអាងថា រ៉ែមាសនៅទីនោះភាគច្រើន កំពុងស្ថិតក្រោមការគ្រប់គ្រងពីបរទេស។ ទិន្នន័យផលិតមាសរបស់ឥណ្ឌូណេស៊ី បានកើនឡើងពី ១០០តោន រហូតដល់ ១៦០តោននាពេលបច្ចុប្បន្ន។

បច្ចុប្បន្នធនាគារមាសចំនួន២ របស់ឥណ្ឌូណេស៊ីគឺ ធនាគារ Bank Rakyat Indonesia BBRI.JK និង ធនាគារ Bank Syariah Indonesia។ អាជ្ញាធរក៏បានបញ្ជាក់ដែរថា គ្រប់អ្នករកស៊ីក្នុងវិស័យធនាគារទាំងអស់ មានសិទ្ធក្នុងការស្នើសុំក្លាយជាធនាគារមាស បើសិនជាក្រុមហ៊ុនរបស់ពួកគេ មានទុនបម្រុងយ៉ាងតិច ៨៥០លានដុល្លារ៕

អត្ថបទ៖ Luffy រូបភាព៖ Bloomberg