លោក ហួត ហាក់ បានឲ្យដឹងថា អង្គសន្និបាតក្រសួងទេសចរណ៍បានវាយតម្លៃខ្ពស់ពីការចូលរួមរបស់វិស័យទេសចរណ៍ទៅក្នុងសេដ្ឋកិច្ចជាតិ ក្នុងនោះឆ្នាំ២០២៣ ចំណូលទេសចរណ៍អន្តរជាតិមានចំនួន ៣.០៨៣ លានដុល្លារ ក្នុងឆ្នាំ២០២៤ ចំណូលទេសចរណ៍អន្តរជាតិមានចំនួន ៣.៦៣៧ លានដុល្លារ ដោយរួមចំណែកប្រមាណ ៩.៤% នៃផលិតផលក្នុងស្រុកសរុប។
ក្នុងពិធីបិទសន្និបាតការងារក្រសួងទេសចរណ៍រសៀលថ្ងៃទី២៧ ខែកុម្ភៈនេះ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បង្ហាញការព្យាករណ៍ក្នុងឆ្នាំ២០២៥ ចំណូលទេសចរណ៍អន្តរជាតិមានចំនួន ៥.១០០ លានដុល្លារអាម៉េរិក ដោយរួមចំណែកប្រមាណ ១០.៥% នៃផលិតផលក្នុងស្រុកសរុប។ លោកបានវាយតម្លៃខ្ពស់ពីស្ថានភាពកញ្ចប់ទស្សនកិច្ចក្នុងឆ្នាំ២០២៤ និងមានសុទិដ្ឋិនិយមចំពោះឆ្នាំ២០២៥។


លោកបានឱ្យដឹងថា ស្ថិតិទេសចរណ៍នៅឆ្នាំ២០២៤ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិសរុប ៦.៧ លាននាក់ កើនឡើងប្រមាណ ២៣% ធៀបនឹងឆ្នាំ២០២៣ ជាមួយទេសចរជាតិប្រមាណ ២២.៥២ លាននាក់ កើនឡើង ២០,១% ធៀបនឹងឆ្នាំ២០២៣។
បើតាមលោករដ្ឋមន្ត្រី អង្គសន្និបាតរបស់ក្រសួងទេសចរណ៍នៅពេលនេះ បានស្នើឱ្យមានការរៀបចំព្រឹត្តិការណ៍ទេសចរណ៍ឱ្យបានកាន់តែច្រើនថែមទៀត ដោយបន្ថែមការរៀបចំបុណ្យទន្លេ បុណ្យសមុទ្រ និងឈានទៅការរៀបចំបុណ្យទេសចរណ៍តំបន់ភ្នំ ទេសចរណ៍សាសនា ទេសចរណ៍ម្ហូបអាហារ និងទេសចរណ៍វត្ថុអនុស្សាវរីយ៍ជាដើម ដើម្បីបង្កើនការទាក់ទាញទេសចរមកកម្សាន្តនៅកម្ពុជាឱ្យបានកាន់តែច្រើនថែមទៀត៕
អត្ថបទ៖ សាងតេជៈ រូបភាព៖ បណ្តាញសង្គម