អ្នកនិពន្ធដ៏មានឥទ្ធិពល និងស្រស់ស្អាត Ashley St. Clair បានដាក់ពាក្យបណ្ដឹងទៅកាន់មហាសេដ្ឋី Elon Musk ដោយទាមទារឲ្យចាប់មនុស្សកំពូលលុយនេះឃុំឃាំង និងទទួលខុសត្រូវចំពោះកូនប្រុសរបស់នាង ដែលអះអាងថា ជាកូនទី១៣ របស់លោក Musk។


គេហទំព័រ VNExpress បានរាយការណ៍ថា អ្នកនាង Ashley បានដាក់ពាក្យបណ្ដឹងទៅតុលាការកំពូលក្រុង New York កាលពីថ្ងៃទី២១ ខែកុម្ភៈ និងបាននិយាយថា ក្រុង New York គឺជារដ្ឋកំណើតរបស់កូនប្រុសនាង ដែលត្រូវបានគេកំណត់អត្តសញ្ញាណ R.S.C កើតនៅខែកញ្ញា ឆ្នាំ២០២៤។
នាង Ashley បានចោទ Elon Musk ថា មិនបានបំពេញតួនាទីជាឪពុក ដោយអវត្តមាននៅថ្ងៃនាងសម្រាលកូន និងបានជួបកូនប្រុសពួកគេ តែ ៣ដងប៉ុណ្ណោះ ហើយថែមទាំងមិនបានយកចិត្តទុកដាក់ និងជួយថែទាំទារកឡើយ។

យោងតាមពាក្យបណ្ដឹងរបស់នាង បានបញ្ជាក់ថា អ្នកទាំង២ មានទំនាក់ទំនងស្នេហាតាំងពីខែឧសភា ឆ្នាំ២០២៣ ហើយនាងចាប់ផ្ដើមមានផ្ទៃពោះនៅខែមករា ឆ្នាំ២០២៤។ នាងបានបញ្ជាក់ថា Elon Musk ទទួលស្គាល់កូនរបស់នាង ជាកូនរបស់គាត់ ដោយមានភ័ស្តុតាង ជាសារឆ្លើយឆ្លងរវាងអ្នកទាំង២ បន្ទាប់ពី R.S.C បានចាប់កំណើត។
លោក Brian Glickich អ្នកតំណាងរបស់នាង Ashley បានប្រាប់កាសែត People ថា មុនពេលដែលកូនក្ដីរបស់លោកសម្រេចចិត្តប្ដឹង Elon Musk នាងបានព្យាយាមដោះស្រាយដោយសន្តិវិធីគ្រប់សព្វបែបយ៉ាង ប៉ុន្តែគ្មានបានផល ទើបសម្រេចចិត្តដោះស្រាយតាមផ្លូវច្បាប់តែម្ដង៕
អត្ថបទ៖ Luffy រូបភាព៖ បណ្ដាញសង្គម X