ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ KCNA បាននិយាយកាលពីថ្ងៃពុធថា មេដឹកនាំកូរ៉េខាងជើង លោក Kim Jong Ung បានអំពាវនាវឱ្យមានការកសាងកងទ័ពដ៏រឹងមាំ និងទំនើប ដើម្បីទប់ទល់នឹងសង្គ្រាមណាមួយ ក្នុងអំឡុងពេលទស្សនកិច្ចទៅកាន់សាលាយោធា។
ដំណើរទស្សនកិច្ចរបស់លោក Kim ទៅកាន់បណ្ឌិត្យសភាយោធា Kang Kon ធ្វើឡើងបន្ទាប់ពីកូរ៉េខាងជើងបានបញ្ជូនទាហានរាប់ពាន់នាក់ទៅកាន់រុស្ស៊ី ដើម្បីគាំទ្រសង្រ្គាមប្រឆាំងនឹងអ៊ុយក្រែន។ ក្នុងសប្តាហ៍នេះ លោក Kim ក៏បានទៅទស្សនាសាកលវិទ្យាល័យ Kim Il Sung University of Politics ដែលជាស្ថាប័នបណ្តុះបណ្តាលកម្មាភិបាលវរជនមួយទៀត ដោយអំពាវនាវឱ្យមានភក្តីភាព និងការលះបង់យោធា។


ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់របស់ប្រទេសកូរ៉េខាងត្បូងបាននិយាយថា ការត្រួតពិនិត្យអង្គភាពយោធា និងការហ្វឹកហ្វឺនពីមុនរបស់លោក Kim អាចជាផ្នែកនៃការរៀបចំសម្រាប់ការបញ្ជូនទាហានបន្ថែមទៅកាន់ប្រទេសរុស្ស៊ី។
KCNA បាននិយាយថា ក្នុងអំឡុងពេលដំណើរទស្សនកិច្ចចុងក្រោយបំផុតទៅកាន់សាលាយោធា លោក Kim បានរិះគន់ការគ្រប់គ្រង និងប្រតិបត្តិការមិនល្អរបស់សាលា ដោយនិយាយថា ខ្លួនមិនបានបំពេញតាមបំណងរបស់គណបក្សកាន់អំណាច ដែលមានទំនើបកម្ម និងចរិតលក្ខណៈជឿន។
លោកបានដាក់ចេញនូវភារកិច្ចដើម្បីកែលម្អគ្រឿងបរិក្ខារឡើងវិញ និងពង្រឹងការអប់រំផ្តោតលើការអនុវត្តដើម្បីឱ្យសិស្សានុសិស្សបានស្វែងយល់អំពី “បទពិសោធន៍ជាក់ស្តែងនៃសង្គ្រាមសម័យទំនើប” និងដើម្បីធ្វើជាម្ចាស់លើអាវុធទំនើបៗ និងឧបករណ៍បច្ចេកទេស។

លោក Kim បាននិយាយថា “ស្ថានភាពអន្តរជាតិបច្ចុប្បន្ន ដែលមានចរិតឆេវឆាវ និងបះបោររបស់ពួកចក្រពត្តិនិយម ត្រូវបានបង្ហាញយ៉ាងចំហបំផុតក្នុងប្រវត្តិសាស្ត្រ ហើយសង្រ្គាម និងការបង្ហូរឈាមក្លាយជារឿងធម្មតា ទាមទារឲ្យកងកម្លាំងប្រដាប់អាវុធ… ដើម្បីទប់ទល់នឹងសង្រ្គាមយ៉ាងល្អឥតខ្ចោះ”។ នេះបើយោងតាម KCNA ។
មន្ត្រីកូរ៉េខាងត្បូងបានព្រមានថា កូរ៉េខាងជើងអាចទទួលបានអត្ថប្រយោជន៍ពីការផ្គត់ផ្គង់សព្វាវុធ និងកងទ័ពដើម្បីប្រយុទ្ធក្នុងប្រទេសរុស្ស៊ី ដោយទទួលបានបទពិសោធន៍ និងការយល់ដឹងពីប្រតិបត្តិការលើសមរភូមិទំនើបមួយ។
ចំណែកឯទីក្រុង Kyiv បាននិយាយថា កងកម្លាំងកូរ៉េខាងជើងបានរងរបួសយ៉ាងខ្លាំងនៅក្នុងប្រទេសរុស្ស៊ី ដោយមានទាហានជាង ៣០០០ នាក់បានស្លាប់ ឬរងរបួសនៅដើមខែមករាឆ្នាំនេះ៕





អត្ថបទ៖ សារ៉ាយ រូបភាព៖ KCNA