អ្នកឧកញ៉ា ម៉ៅ ចំណាន បង្ហាញមោទនភាពដែលបានជំរុញសមាគមសិល្បករខ្មែរ ពីស្ថាប័នមួយដែលគ្រាន់តែអាចត្រឹមជួយសិល្បករចាស់ជរា និងអ្នកជួបការលំបាក មកជាស្ថាប័នតំណភ្ជាប់មួយដ៏ធំដែលជួយផ្សព្វផ្សាយពីសិល្បៈវប្បធម៌របស់ខ្មែរនៅលើឆាកជាតិ និងអន្តរជាតិ។
ក្នុងពិធីម្ពោធជាផ្លូវការការិយាល័យសមាគមសិល្បករខ្មែរ នារាត្រីថ្ងៃទី២៦ ខែកុម្ភៈនេះ លោកស្រី ម៉ៅ ចំណាន មានប្រសាសន៍ថា ចក្ខុវិស័យរបស់យើងពិតជាមានទំហំធំធេង ដែលបាន និងកំពុងរៀបចំកែប្រែសមាគមសិល្បករខ្មែរ ពីស្ថាប័នមួយដែលគ្រាន់តែអាចត្រឹមជួយសិល្បករចាស់ជរា និងអ្នកជួបការលំបាក មកជាស្ថាប័នតំណភ្ជាប់មួយដ៏ធំដែលអាចជួយផ្សព្វផ្សាយពីសិល្បៈវប្បធម៌របស់ខ្មែរឱ្យកាន់តែមានភាពទូលំទូលាយទាំងនៅលើឆាកជាតិ និងអន្តរជាតិ។


លោកស្រីបានលើកឡើងថា សមាគមសិល្បករខ្មែរ កំពុងព្យាយាមសម្រេចឱ្យបាននូវឆន្ទៈ និងការប្តេជ្ញាចិត្តយ៉ាងមុតមាំបន្ថែមទៀតក្នុងការជួយជំរុញលើកស្ទួយ អភិរក្ស និងអភិវឌ្ឍវិស័យសិល្បៈវប្បធម៌ខ្មែរដ៏ល្អផូរផង់ ឱ្យកាន់តែមានកិត្យានុភាពបន្ថែមទៀតទាំងលើឆាកជាតិ និងអន្តរជាតិ។
ក្នុងឱកាសនេះ លោកស្រីបានថ្លែងថា ការជួបជុំប្រកបដោយអត្ថន័យ និងខ្លឹមសារ ដែលនេះជាសក្ខីភាពបញ្ជាក់ពីការបើកទំព័រថ្មីមួយទៀតរបស់សមាគមសិល្បករខ្មែរ ក្នុងការរៀបចំនូវមូលដ្ឋានគ្រឹះឱ្យកាន់តែរឹងមាំ ដើម្បីបន្តបេសកកម្មរបស់ខ្លួនឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់នាឆ្នាំ២០២៥ និងពេលអនាគត។

«ជាមួយគ្នានេះ យើងក៏កំពុងប្រែខ្លួនឱ្យក្លាយជាតួអង្គដ៏សំខាន់ ចូលរួមចំណែកយ៉ាងសកម្មជាមួយនឹងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្នុងការអភិរក្ស ថែរក្សា និងអភិវឌ្ឍន៍វិស័យសិល្បៈ ពិសេសរួមចំណែកដល់កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា»។ លោកស្រីបញ្ជាក់បន្ថែម។
លោកស្រីបន្តថា មកទល់នឹងពេលនេះ សមាគមសិល្បករខ្មែរ អាណត្តិទី៦ មានអាយុកាលជិត១០ខែហើយ ក្រោយពេលដែលលោកស្រីបានជាប់ជាប្រធានសមាគមកាលពីខែឧសភា ឆ្នាំ២០២៤។ ទន្ទឹមនេះ លោកស្រីគូសបញ្ជាក់ថា «ជាការពិតក្នុងរយៈពេលដ៏ខ្លីនេះ យើងបានរួមគ្នាបំពេញកិច្ចការងារជាច្រើន ទាំងកិច្ចការងារសប្បុរសធម៌ អភិរក្ស អភិវឌ្ឍក្នុងវិស័យសិល្បៈ និងចូលរួមកិច្ចការងារសង្គម»៕


អត្ថបទ៖ សាងតេជៈ រូបភាព៖ CNC