រយៈពេល ៣ឆ្នាំ សង្គ្រាមរុស្ស៊ី-អ៊ុយក្រែនចំណាយទឹកប្រាក់អស់ជិត ៣០០ពាន់លានដុល្លារ

ធ្មិចបើកៗ សង្គ្រាមរវាងប្រទេសរុស្ស៊ី និងអ៊ុយក្រែន បានបន្តឆាបឆេះអស់រយៈពេល ៣ឆ្នាំ ដោយចាប់ផ្ដើមដំបូងនៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ និងបានចំណាយអស់ទឹកប្រាក់ជិត ៣០០ពាន់លានដុល្លារឯណោះ ខណៈប្រជាជនទូទាំងពិភពលោកដាក់ក្ដីរំពឹងខ្ពស់ថា សង្គ្រាមនេះនឹងបញ្ចប់នាពេលឆាប់ៗ ក្រោមការអន្តរាគមន៍ពីប្រធានាធិបតីអាមេរិក Donald Trump ដែលទើបឡើងកាន់អំណាចកាលពីខែមុន។

តាមដានជាមួយយើង៖ Million Times

ក្នុងគម្រប់ខួប ៣ឆ្នាំនៃសង្គ្រាមនេះ ទីភ្នាក់ងារព័ត៌មាន Washington Post បានចុះផ្សាយពីការចំណាយ និងសង្ខេបពីព្រឹត្តិការណ៍សង្គ្រាមគិតជាតួលេខ ដែលមានចំនួនយ៉ាងច្រើនដ៏គួរឲ្យភ្ញាក់ផ្អើលជាខ្លាំង។

ខាងក្រោមគឺជាតួលេខនៃការចំណាយ ការបាត់បង់ទឹកដី និងចំនួនមនុស្សបាត់បង់ទីលំនៅ ដោយសារសង្គ្រាមនៅអ៊ុយក្រែន រយៈពេល ៣ឆ្នាំមកនេះ៖

  • ជនជាតិអ៊ុយក្រែនន ១០,៦លាននាក់ បានបាត់បង់ផ្ទះសម្បែង ដោយ ៣,៧លាននាក់ បានផ្លាស់ប្ដូរទីលំនៅក្នុងប្រទេស និង ៦,៩លាននាក់ទៀតនៅបរទេស ដោយភាគច្រើនរស់នៅប្រទេសរុស្ស៊ី អាល្លឺម៉ង់ និងប៉ូឡូញ។ នេះបើតាមការអះអាងពីការិយាល័យ​ឧត្តម​ស្នងការ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​ជនភៀសខ្លួន (UNHCR)
  • កុមារអ៊ុយក្រែនប្រហែល ១,៥លាននាក់ ប្រឈមនឹងបញ្ហាសុខភាពផ្លូវចិត្តរយៈពេលវែង បង្កឡើងដោយភ្លើងសង្គ្រាម។ នេះបើយោងតាមការបញ្ជាក់ពី UNHCR
  • ចំនួនទាហាន និងជនស៊ីវិលយ៉ាងតិច ១៥៣ ០០០នាក់ ត្រូវបានស្លាប់ក្នុងសង្គ្រាមនេះ ដោយភាគច្រើនជាទាហានរុស្ស៊ី។ យ៉ាងណាតួលេខមួយនេះត្រូវបានបញ្ជាក់ថា មានចំនួនតិចតួចខ្លាំង ដ្បិតតួលេខពិតប្រាកដត្រូវបានប៉ាន់ស្មានមានច្រើនជាងនេះទ្វេដង ប៉ុន្តែដោយសារមិនអាចពិនិត្យជាក់លាក់ ដោយសារភាគីទាំងសងខាងព្យាយាមលាក់ទិន្នន័យមរណភាពរៀងៗខ្លួន
  • ទឹកដីអ៊ុយក្រែនប្រហែល ២០% កំពុងស្ថិតក្រោមការគ្រប់គ្រងរបស់រុស្ស៊ី ដោយក្នុងនោះរួមមានទីក្រុង Kherson, Zaporizh, Donetsk និង Luhansk
  • ការកំណត់អាយុយុវជនចូលបម្រើកងយោធាអ៊ុយក្រែន បានទម្លាក់ពីអាយុ ២៧ឆ្នាំ មកនៅត្រឹម ២៥ឆ្នាំ ដោយសារខ្វះខាតកងកម្លាំង។ រដ្ឋាភិបាលធ្លាប់ព្យាយាមទម្លាក់មកនៅត្រឹម ១៨ឆ្នាំ ប៉ុន្តែប្រជាជនប្រតិកម្ម ដោយអះអាងថា យុវជនវ័យ ១៨ឆ្នាំ គឺនៅក្មេងខ្ចី និងជាទំពាំងស្នងឫស្សី ជាអនាគតប្រទេសជាតិ មិនគួរឲ្យទៅប្រឈមការបាត់បង់អាយុជីវិតលើសមរភូមិឡើយ
  • រដ្ឋាភិបាលអាមេរិក បានផ្ដល់ជំនួយលើផ្នែកយោធា សម្រាប់ប្រទេសអ៊ុយក្រែនសរុបជាទឹកប្រាក់ ៦៥,៩ពាន់លានដុល្លារ និងជំនួយផ្នែកមនុស្សធម៌ជាច្រើនទៀត សរុបជិត ១៧៤ពាន់លានដុល្លារ។ នេះបើតាមការបញ្ជាក់ពីក្រសួងការបរទេសអាមេរិក
  • តាំងពីសង្គ្រាមបានឆាបឆេះ រហូតបន្តចូលដល់ឆ្នាំទី៣ សហរដ្ឋអាមេរិកបានផ្ដល់ជំនួយសម្រាប់អ៊ុយក្រែន ចំនួន ៥៥លើក
  • អាមេរិកបានផ្ដល់ជំនួយគ្រាប់កាំភ្លើងគ្រប់ប្រភេទ និងប្រព័ន្ធការពារគ្រាប់មីស៊ីល ទៅកាន់អ៊ុយក្រែនចំនួន ១២លើក។
  • សហភាពអឺរ៉ុប ចក្រភពអង់គ្លេស និងប្រទេសន័រវែសបានប្រមែប្រមូលកងទ័ពចំនួន ៣០០ ០០០នាក់ ដើម្បីការពារខ្លួនពីរុស្ស៊ី
  • អ៊ុយក្រែនទទួលបានជំនួយពីបរទេស ក្នុងសង្គ្រាមរយៈពេល ៣ឆ្នាំនេះ ប្រហែល ២៧៩ពាន់លានដុល្លារ ដើម្បីដោះស្រាយលើបញ្ហាកងយោធា ហិរញ្ញវត្ថុ និងមនុស្សធម៌ ដោយមានអាមេរិកជាម្ចាស់ជំនួយធំបំផុត៕

អត្ថបទ៖ Luffy រូបភាព៖ Evening Standard