នាថ្ងៃទី២៥ ខែកុម្ភៈ រដ្ឋាភិបាលឥណ្ឌូណេស៊ី និងក្រុមហ៊ុន Apple បានព្រមព្រៀងលុបចោលនូវការហាមឃាត់ ការលក់ទូរស័ព្ទ iPhone 16 ក្នុងប្រទេសមានសេដ្ឋកិច្ចធំបំផុតប្រចាំតំបន់អាស៊ាន បន្ទាប់ពីចរចាអស់រយៈពេលច្រើនខែ។


សារព័ត៌មាន Bloomberg បានរាយការណ៍ថា ភាគីទាំងសងខាងត្រៀមជួបគ្នាចុះហត្ថលេខាលើកិច្ចព្រមព្រៀង ដកការហាមឃាត់ការលក់ iPhone 16 នៅក្នុងសប្ដាហ៍នេះ។
គួររំលឹកបន្តិចថា ឥណ្ឌូណេស៊ីបានប្រកាសហាមឃាត់ការលក់ទូរស័ព្ទ iPhone 16 តាំងពីខែតុលា ក្រោយអះអាងថា Apple បានល្មើសច្បាប់ពាណិជ្ជកម្មក្នុងស្រុក ដែលតម្រូវឲ្យក្រុមហ៊ុនបរទេស ត្រូវប្រើប្រាស់វត្ថុធាតុដើមក្នុងស្រុកយ៉ាងតិច ៣៥% មុនពេលដាក់លក់ផលិតផលរបស់ខ្លួននៅក្នុងប្រទេសមួយនេះ។
ចាប់តាំងពីពេលនោះក្រុមហ៊ុន Apple បានព្យាយាមចរចាជាមួយរដ្ឋាភិបាល ដោយដាក់សំណើវិនិយោគនៅឥណ្ឌូណេស៊ី ១ពាន់លានដុល្លារ សាងសង់រោងចក្រផលិតគ្រឿងបង្គុំ សម្រាប់ផលិតផលរបស់ខ្លួន និងប្ដេជ្ញាបង្កើតមជ្ឈមណ្ឌលហ្វឹកហ្វឺនប្រជាជនឥណ្ឌូណេស៊ី ក្នុងការស្រាវជ្រាវ និងអភិវឌ្ឍន៍ចំពោះផលិតផលរបស់ពួកគេថែមទៀត៕
អត្ថបទ៖ Luffy រូបភាព៖ AFP