អតីតសហប្រធាន DOGE ប្រកាសឈរឈ្មោះជាបេក្ខភាពអភិបាលរដ្ឋ Ohio

កាលពីថ្ងៃចន្ទ ទី២៤ ខែកុម្ភៈ លោក Vivek Ramaswamy អតីតសហប្រធាននាយកដ្ឋានប្រសិទ្ធភាពការងាររដ្ឋាភិបាល DOGE បានប្រកាសថា លោកនឹងឈរឈ្មោះជាបេក្ខភាពអភិបាលរដ្ឋ Ohio សម្រាប់ឆ្នាំ២០២៦។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNN។

តាមដានជាមួយយើង៖ Million Times

ថ្លែងនៅក្នុងជំនួបជាមួយអ្នកគាំទ្រក្នុងទីក្រុង Cincinati លោក Ramaswamy បាននិយាយថា «ថ្ងៃនេះ ខ្ញុំពិតជាមានសេចក្ដីសោមនស្សរីករាយក្នុងការប្រកាសថា ខ្ញុំនឹងឈរឈ្មោះជាបេក្ខភាពអភិបាលក្រុងថ្មី នៃរដ្ឋដ៏អស្ចារ្យដែលមនុស្សជាតិបានស្គាល់។ រដ្ឋមួយនេះគឺជាផ្ទះដែលខ្ញុំបានកើត និងធំធាត់ឡើង ជាកន្លែងដែល Apoorva និងខ្ញុំចិញ្ចឹមកូនប្រុសរបស់យើងទាំង២នាក់ និងជារដ្ឋដែលមានសក្ដានុពលនាថ្ងៃអនាគត»។

ការប្រកាសរបស់លោក Ramaswamy ធ្វើឡើងបន្ទាប់ពីលោក Dave Yost អគ្គមេធាវីរដ្ឋ Ohio ទម្លាយកាលពីខែមុន អំពីគោលបំណងធ្វើជាបេក្ខភាពអភិបាលរដ្ឋមួយនេះ។ ការប្រកួតប្រជែងក្នុងការឡើងអង្គុយកៅអីអភិបាលរដ្ឋ Ohio បន្តពីលោក Mike DeWine ដែលជិតផុតអាណត្តិ ទំនងអូសទាញសមាជិកបក្សសាធារណរដ្ឋច្រើនរូបទៀត។

បន្ទាប់ពីសេចក្ដីប្រកាសមួយនេះដឹងជាសាធារណៈ ប្រធានាធិបតី Donald Trump ក៏បានបង្ហោះសារលើបណ្ដាញសង្គម គាំទ្រចំពោះលោក Vivek Ramaswamy អំពីការឈរឈ្មោះជាបេក្ខភាពអភិបាលរដ្ឋ Ohio ផងដែរ ដោយលោកអះអាងថា អតីតសហប្រធាន DOGE រូបនេះ គឺជាបុគ្គលស្នេហាជាតិ និងមិនធ្វើឲ្យពលរដ្ឋខកចិត្តឡើយ បើសិនរូបគេជាប់ជាអភិបាលរដ្ឋ Ohio ហើយលោកប្ដេជ្ញាគាំទ្របេក្ខភាពរូបនេះយ៉ាងពេញទំហឹង៕

អត្ថបទ៖ Luffy រូបភាព៖ Gazette