កាលពីថ្ងៃទី២៤ ខែកុម្ភៈ ប្រធានាធិបតីរុស្ស៊ី Vladimir Putin បានបើកកិច្ចប្រជុំមួយ ជាមួយមន្ត្រីរបស់ខ្លួន ដើម្បីជជែកពីការបង្កើនសង្វាក់ផលិតកម្មនៃធនធានរ៉ែធម្មជាតិកម្រៗ នៅក្នុងស្រុក។


សារព័ត៌មាន Reuters បានចុះផ្សាយថា លោក Putin បានចាត់ទុកកិច្ចប្រជុំមួយនេះមានសារៈសំខាន់ខ្លាំង ដោយអះអាងថា វាគឺជាទុនបម្រុងយុទ្ធសាស្ត្រដ៏សំខាន់ សម្រាប់ការប្រកួតប្រជែង និងការអភិវឌ្ឍន៍សេដ្ឋកិច្ចនាពេលអនាគតរបស់រុស្ស៊ី។
ក្នុងកិច្ចប្រជុំនោះផងដែរ ប្រធានាធិបតីរុស្ស៊ីក៏បានបង្ហើបពីគម្រោងថ្នាក់ជាតិមួយ មានឈ្មោះថា «សម្ភារៈ និងគីមីសាស្ត្រថ្មី» ដែលចាប់ផ្ដើមនៅក្នុងឆ្នាំនេះ ក្នុងគោលបំណងលើកកម្ពស់វិស័យឧស្សាហកម្មក្នុងស្រុក ដើម្បីផលិតសម្ភារៈថ្មីៗ។
មេដឹកនាំមហាអំណាចនុយក្លេអ៊ែរក៏បានសង្កត់ធ្ងន់ថា គម្រោងនេះនឹងបង្កើតវដ្តពេញលេញនៃឧស្សាហកម្មលោហធាតុកម្រ ចាប់ពីការទាញយក រហូតដល់ការផលិតទំនិញបច្ចេកវិទ្យាខ្ពស់ ជំរុញទិន្នផលយ៉ាងសំខាន់ សម្រាប់ប្រទេសរុស្ស៊ី៕
អត្ថបទ៖ Luffy រូបភាព៖ Investing