មេទ័ពជើងគោកសហអាមេរិក បានសង្កត់ធ្ងន់ពីសារៈសំខាន់ នៃទំនាក់ទំនងរវាងប្រជាជន និងប្រជាជន ព្រមទាំងបានគូសបញ្ជាក់ថា សហរដ្ឋអាមេរិកចង់ឃើញការរីកចម្រើននៅក្នុងទំនាក់ទំនងនៃកងទ័ព និងកងទ័ពប្រទេសទាំងពីរ។
ការគូសបញ្ជាក់របស់ប្រមុខមេទ័ពជើងគោកអាមេរោកធ្វើឡើងនារសៀលថ្ងៃទី២៤ ខែកុម្ភៈនេះ ក្នុងពេលចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្ដិភាពជាមួយសម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី។


ក្នុងជំនួបនោះ នាយឧត្តមសេនីយ៍ រ៉ូណាល់ ខ្លាក( Ronald P. CLARK) មេបញ្ជាការកងទ័ពជើងគោកសហរដ្ឋអាមេរិក ប្រចាំប៉ាស៊ីហ្វិក (USARPAC) បានជម្រាបសម្ដេច ហ៊ុន ម៉ាណែត អំពីលទ្ធផលប្រកបដោយផ្លែផ្កានៃជំនួបរវាងលោក និងនាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ មេបញ្ជាការកងទ័ពជេីងគោកកម្ពុជា ដោយបានសង្កត់ធ្ងន់ពីសារៈសំខាន់នៃទំនាក់ទំនងរវាងប្រជាជន និងប្រជាជន ក៏ដូចជាកិច្ចសហប្រតិបត្តិការល្អរវាងកងទ័ពនិងកងទ័ព នៃប្រទេសទាំងពីរ ព្រមទាំងបានគូសបញ្ជាក់ថា សហរដ្ឋអាមេរិកចង់ឃើញការរីកចម្រើននៅក្នុងទំនាក់ទំនងនេះ ជាពិសេសទំនាក់ទំនងរវាងកងទ័ពនៃប្រទេសទាំងពីរ។
បន្ថែមលើនោះ លោក រ៉ូណាល់ ខ្លាក បានចាប់អារម្មណ៍ និងវាយតម្លៃខ្ពស់ចំពោះកម្ពុជាដែលបានចូលរួមចំណែកយ៉ាងសកម្ម ក្នុងបេសកកម្មថែរក្សាសន្ដិភាព តាមរយៈការបញ្ជូនកងកម្លាំងថែរក្សាសន្តិភាពក្រោមឆ័ត្រអង្គការសហប្រជាជាតិ នៅតាមបណ្ដាប្រទេសមួយចំនួនលើពិភពលោក។

សម្ដេចនាយករដ្ឋមន្ត្រីបានវាយតម្លៃខ្ពស់ចំពោះលទ្ធផលដ៏ល្អនៃជំនួបរវាងប្រមុខកងទ័ពជេីងគោគកម្ពុជាជាមួយគណៈប្រតិភូកងទ័ពជើងគោក សហរដ្ឋអាមេរិក។ សម្ដេចបានសង្កត់ធ្ងន់ថា ការផ្លាស់ប្ដូរដំណើរទស្សនកិច្ចជាញឹកញាប់ រវាងកងទ័ពនិងកងទ័ព ក៏ដូចជាការបន្ដកិច្ចសហប្រតិបត្តិការឡេីងវិញលើសកម្មភាពមួយចំនួនដូចជា ការបណ្ដុះបណ្ដាល ជាដេីម នាពេលកន្លងមក បានឆ្លុះបញ្ចាំងពីភាពរីកចម្រើននៃទំនាក់ទំនងប្រទេសទាំងពីរ។
ក្នុងជំនួបនោះ សម្ដេច ហ៊ុន ម៉ាណែត ក៏មិនភ្លេចថ្លែងអំណរគុណចំពោះរដ្ឋាភិបាលអាមេរិកដែលបានផ្ដល់ការគាំទ្រកម្ពុជាក្នុងសកម្មភាពបោសសំអាតមីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ និងបានគូសបញ្ជាក់ថា “ពីមុន កម្ពុជាធ្លាប់ជាប្រទេសទទួលយកកងកម្លាំងរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ តែមកដល់បច្ចុប្បន្ននេះ កម្ពុជាបានប្រែក្លាយទៅជាប្រទេសបញ្ជូនកងកម្លាំងដើម្បីចូលរួមក្នុងបេសកកម្មថែរក្សាសន្តិភាពនៅតាមបណ្ដាប្រទេសលើពិភពលោក”។

ក្នុងឱកាសនោះដែរ សម្ដេចបានលើកទឹកចិត្តឱ្យកងទ័ពជើងគោកសហអាមេរិក និង បញ្ជាការដ្ឋានកងទ័ពជេីងគោក កងយោធពលខេមរភូមិន្ទ បន្តទំនាក់ទំនងឱ្យកាន់តែជិតស្និទ្ធថែមទៀត ដើម្បីពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការរវាងកងទ័ពនៃប្រទេសទាំងពីរ ឱ្យកាន់តែល្អប្រសើរ៕
អត្ថបទ៖ សាងតេជៈ រូបភាព៖ ក្រុមការងារនាយករដ្ឋមន្រ្តី