Amazon វ៉ាដាច់ Walmart ក្លាយជាក្រុមហ៊ុនរកប្រាក់ចំណូលបានច្រើនបំផុតនៅអាមេរិក

កាលពីថ្មីៗនេះ ក្រុមហ៊ុន Amazon បានទម្លាក់គូប្រជែង Walmart និងបានក្លាយជាក្រុមហ៊ុនរកប្រាក់ចំណូលប្រចាំត្រីមាស បានច្រើនបំផុតប្រចាំសហរដ្ឋអាមេរិក។

សារព័ត៌មាន CNBC បានចុះផ្សាយថា នៅក្នុងត្រីមាសចុងក្រោយកាលពីឆ្នាំទៅ ក្រុមហ៊ុន Amazon បានកើបប្រាក់ចំណូល ១៨៧,៨ពាន់លានដុល្លារ ស្របពេលក្រុមហ៊ុន Walmart ដែលធ្លាប់តែជាអ្នករកប្រាក់ចំណូលបានច្រើនបំផុតនៅអាមេរិក រកបានត្រឹម ១៨០,៥ពាន់លានដុល្លារ។

តាមដានជាមួយយើង៖ Million Times

អស់រយៈពេល១២ឆ្នាំហើយ ពោលចាប់តាំងពីឆ្នាំ២០១២ ក្រុមហ៊ុន Walmart តែងតែគ្រងតំណែង ជាក្រុមហ៊ុនរកប្រាក់ចំណូលប្រចាំត្រីមាសច្រើនបំផុត នៅក្នុងសហរដ្ឋអាមេរិក បន្ទាប់ពីពួកគេផ្ដួលក្រុមហ៊ុនប្រេង Exxon Mobil។

ប្រភពចំណូលសំខាន់របស់ Amazon ដែលអាចដណ្ដើមតំណែងស្ដេចត្រាញ់លក់រាយខាងលើបាន គឺដោយសារតម្រូវការនៃការប្រើប្រាស់បច្ចេកវិទ្យា Cloud Computing ការផ្សព្វផ្សាយតាមបណ្ដាញអ៊ីនធឺណិត និងការលក់សេវាកម្មបម្រើអតិថិជន នៅលើគេហទំព័រ Amazon ជាដើម។

ទោះជា Amazon ផ្ដួល Walmart ក្នុងនាមជាក្រុមហ៊ុនរកប្រាក់ចំណូលច្រើនបំផុតប្រចាំត្រីមាសក្ដី ប៉ុន្តែគេហទំព័រ FactSet បានព្យាករថា នៅក្នុងឆ្នាំសារពើពន្ធ២០២៥ នេះ ក្រុមហ៊ុន Walmart នឹងរកប្រាក់ចំណូលប្រចាំឆ្នាំរហូតដល់ ៧០៨,៧ពាន់លានដុល្លារ ច្រើនជាងក្រុមហ៊ុន Amazon ដែលនឹងរកបានត្រឹម ៧០០,៨ពាន់លានដុល្លារ ក្នុងរយៈពេលដូចគ្នានេះ៕

អត្ថបទ៖ Luffy រូបភាព៖ Forbes