កាលពីថ្ងៃអាទិត្យ ទី២៣ ខែកុម្ភៈ ប្រធានាធិបតី Volodymyr Zelensky បានប្រកាសថា លោកសុខចិត្តចុះចេញពីតំណែង ឲ្យតែធានាបានថា អ៊ុយក្រែននឹងទទួលបានសន្តិភាព និងក្លាយជាសមាជិកនៃអង្គការ NATO។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Independent។


ថ្លែងប្រាប់នៅក្នុងសន្និសិទសារព័ត៌មានក្នុងទីក្រុងគៀវ ប្រធានាធិបតីរូបនេះនិយាយថា «បើសិនជាអ្នកចង់ឲ្យខ្ញុំចុះចេញពីកៅអីមួយនេះ ខ្ញុំស្ម័គ្រចិត្តនឹងធ្វើវា។ ប៉ុន្តែត្រូវមានលក្ខខ័ណ្ឌថា អ៊ុយក្រែននឹងក្លាយជាសមាជិកនៃអង្គការ NATO ដើម្បីធានាពីសន្តិភាពរបស់ប្រទេសយើង។ បើលក្ខខ័ណ្ឌមួយនេះទទួលបានការយល់ព្រម ខ្ញុំចេញពីតំណែងឥឡូវនេះក៏បានដែរ»។
ការលើកឡើងរបស់លោក Zelensky កើតឡើងបន្ទាប់ពីប្រធានាធិបតីអាមេរិក Donald Trump ហៅលោកថា ជាជនផ្ដាច់ការគ្រប់គ្រងប្រទេសដោយគ្មានការបោះឆ្នោត និងបានព្រមានថា អ៊ុយក្រែនត្រូវរៀបចំការបោះឆ្នោតឲ្យលឿន បើមិនចង់អស់ទឹកដី។
គួររំលឹកបន្តិចថា មហិច្ឆតាធំរបស់ប្រធានាធិបតី Volodymyr Zelensky គឺការបញ្ចូលអ៊ុយក្រែនឲ្យក្លាយជាសមាជិកពេញសិទ្ធរបស់អង្គការ NATO ដែលលោកធ្លាប់អះអាងក្ដែងៗថា ដើម្បីធានាពីសន្តិសុខ និងសុវត្ថិភាពរបស់ជនជាតិអ៊ុយក្រែន។
ប៉ុន្តែមហិច្ឆតានេះផងដែរ ក៏ជាមូលហេតុចំបងនៃការបង្កាត់ភ្លើងសង្គ្រាមជាមួយរុស្ស៊ី អស់រយៈពេលជិត ៣ឆ្នាំ ព្រោះតែរុស្ស៊ីយល់ឃើញថា បើសិនអ៊ុយក្រែនចូលជាសមាជិករបស់ NATO នោះឥទ្ធិពលរបស់លោកខាងលិច នឹងកាន់តែអំណាចមកលើដែនដីរបស់ខ្លួន ដូច្នេះទើបពួកគេបើកការឈ្លានពាន និងគំរាមម្ដងហើយម្ដងទៀត កុំឲ្យអ៊ុយក្រែនចូលរួមជាមួយ NATO៕
អត្ថបទ៖ Luffy រូបភាព៖ SCMP