ប្រធានាធិបតីអ៊ុយក្រែនអះអាងថា មិនសងលុយអាមេរិក សូម្បីមួយកាក់មួយសេន

កាលពីថ្ងៃទី២៣ ខែកុម្ភៈ ប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelensky បានច្រានចោលនូវការទាមទារសំណង ៥០០ពាន់លានដុល្លារ របស់សហរដ្ឋអាមេរិក តាមរយៈការចុះហត្ថលេខាប្រគល់រ៉ែធនធានធម្មជាតិ ជាការតបស្នងជំនួយដែលអាមេរិក ធ្លាប់ជួយខ្លួនកន្លងមក។ នេះបើតាមការចុះផ្សាយពីគេហទំព័រ KyivIndependent។

តាមដានជាមួយយើង៖ Million Times

លោក Zelensky បានថ្លែងប្រាប់ក្នុងវេទិកាអ៊ុយក្រែនឆ្នាំ២០២៥ ក្នុងទីក្រុងគៀវថា អ៊ុយក្រែនមិនបានជាប់បំណុលអាមេរិក រហូតដល់ ៥០០ពាន់លានដុល្លារ ដូចការអះអាងរបស់ប្រធានាធិបតី Donald Trump ឡើយ ពោលជំនួយដែលអ៊ុយក្រែនទទួលបានកន្លងមក គឺជាជំនួសឥតសំណង ដែលបានព្រមព្រៀងគ្នាជាមួយអតីតប្រធានាធិបតី Joe Biden។

មេដឹកនាំអ៊ុយក្រែនរូបនេះអះអាងទៀតថា លោកនឹងមិនសងប្រាក់ដែលប្រធានាធិបតី Trump អះអាងថាជា «បំណុល» ឡើយ ហើយលោករឹតតែមិនព្រមចុះហត្ថលេខា ចំពោះការប្រគល់ធនធានធម្មជាតិឲ្យអាមេរិកថែមទៀត ដ្បិតទង្វើបែបនេះ នឹងធ្វើឲ្យជនជាតិអ៊ុយក្រែនជាប់បំណុលរហូតដល់ ១០ជំនាន់ ក៏សងគេមិនរួចផង។

សូមជម្រាបដែរថា កាលពីពេលកន្លងទៅ ប្រធានាធិបតីអាមេរិក Donald Trump ធ្លាប់បានអះអាងថា បើសិនអ៊ុយក្រែនចង់បានជំនួយបន្តពីអាមេរិក ត្រូវចុះហត្ថលេខាលើកិច្ចព្រមព្រៀងប្រគល់រ៉ែធម្មជាតិកម្រៗ និងត្រូវសងបំណុល ដែលអាមេរិកធ្លាប់ជួយកន្លងមកសរុបជាទឹកប្រាក់ប្រហែល ៥០០ពាន់លានដុល្លារ គិតរួមទាំងការប្រាក់ ស្របពេលបច្ចុប្បន្នអ៊ុយក្រែនប្រកាន់ជំហរមិនសងប្រាក់ និងមិនព្រមប្រគល់រ៉ែធម្មជាតិ ដោយអះអាងថា ការជួយរបស់អាមេរិករយៈពេលជិត ៣ឆ្នាំនេះ គឺជាជំនួយឥតសំណងប៉ុណ្ណោះ៕

អត្ថបទ៖ Luffy រូបភាព៖ Yahoo