មេទ័ពជើងគោករបស់លោក Donald Trump នឹងមកបំពេញទស្សនកិច្ចផ្លូវការ ហើយមានជំនួបជាមួយនាយករដ្ឋមន្រ្តីកម្ពុជា

មេបញ្ជាការកងទ័ពជើងគោកសហរដ្ឋអាមេរិក ប្រចាំប៉ាស៊ីហ្វិក (USARPAC) នាយឧត្ដមសេនីយ៍ រ៉ូណាល់ ខ្លាក (RONALD P. CLARK) នឹងមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា រយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥។

ដំណើរទស្សនកិច្ចនេះ ធ្វើឡើងតបតាមការអញ្ជើញរបស់នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោកកម្ពុជា។ ក្នុងឱកាសនោះ លោក រ៉ូណាល់ ខ្លាក នឹងចូលជួបសម្តែងការគួរសមជាមួយសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី, នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ, នាយឧត្តម សេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ។

នាយឧត្តមសេនីយ៍ រ៉ូណាល់ ខ្លាក នឹងមានជំនួបទ្វេភាគីជាមួយ នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ នៅទីបញ្ជាការ បញ្ជាការដ្ឋានកងទ័ពជើងគោក ដែលមេបញ្ជាការទាំងពីរនឹង ពិភាក្សាស៊ីជម្រៅ ក្នុងគោលបំណងពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការយោធាសំដៅកសាងទំនុកចិត្ត និងការជឿជាក់ក្នុងវិស័យការពារជាតិរវាងប្រទេសទាំងពីរ។

សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការពារជាតិ ដំណើរទស្សនកិច្ចរបស់ នាយឧត្តមសេនីយ៍ រ៉ូណាល់ ខ្លាក នៅពេលនេះ គឺស្របពេលខួប លើកទី៧៥ ទំនាក់ទំនងការទូតប្រទេសទាំងពីរ កម្ពុជា- សហរដ្ឋអាមេរិក ហើយក៏ជាលើកទី២ដែលមេបញ្ជាការ កងទ័ពជើងគោកសហរដ្ឋអាមេរិក ប្រចាំប៉ាស៊ីហ្វិក អញ្ជើញបំពេញទស្សនកិច្ចនៅកម្ពុជា ដែលលើកទី១ គឺដឹកនាំដោយនាយឧត្តមសេនីយ៍ វ៉ីនសេន ប៊ុ្រក (VINCENT BROOKS) នៅក្នុងឆ្នាំ២០១៤៕