កាលពីថ្ងៃទី២០ ខែកុម្ភៈ រដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ី Mohamad Hasan បានបង្ហើបប្រាប់ថា ម៉ាឡេស៊ីដែលជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលអាស៊ានឆ្នាំនេះ គ្រោងរៀបចំកិច្ចប្រជុំមួយ ជាមួយអាមេរិក ពិភាក្សាលើបញ្ហាពន្ធគយ ដែលកំពុងជាប្រធានបទក្ដៅគគុក។


ទីភ្នាក់ងារព័ត៌មាន Reuters បានចុះផ្សាយថា កិច្ចប្រជុំមួយនោះ នឹងអនុញ្ញាតឲ្យសមាជិកអាស៊ានទាំងអស់ បង្ហាញមតិ និងទស្សនៈរបស់ពួកគេ លើវិធានការទារពន្ធគយរបស់អាមេរិក ដែលប្រធានាធិបតី Trump បានប្រកាសនាពេលកន្លងថា នឹងតំឡើងពន្ធគយ ២៥% លើការនាំចូលរថយន្ត ផលិតផលបន្ទះឈីប និងឱសថជាដើម។
ប្រមុខការទូតម៉ាឡេស៊ីអះអាងថា វិធានការទារពន្ធបន្ថែមរបស់អាមេរិក នឹងធ្វើឲ្យប៉ះពាល់ដល់ប្រភពចំណូលរបស់ខ្លួន ដ្បិត ៦០% នៃទំនិញដែលនាំចេញទៅអាមេរិក គឺជាផលិតផលអេឡិចត្រូនិក ដូច្នេះបើសិនតំឡើងពន្ធដល់ ២៥% នោះពួកគេច្បាស់ជា រងការខាតបង់ខ្លាំងជាមិនខាន។
សូមជម្រាបបន្ថែមថា គោលបំណងនៃការរៀបចំកិច្ចប្រជុំកំពូលរវាងអាស៊ាន និងអាមេរិក គឺដើម្បីស្វែងរកដំណោះស្រាយដ៏ល្អប្រសើរមួយ និងធានាបានថា វិធានការទារពន្ធគយរបស់អាមេរិក នឹងមិនជះឥទ្ធិពលអវិជ្ជមាន ចំពោះវិស័យពាណិជ្ជកម្មរបស់អាស៊ានដាច់ខាត៕
អត្ថបទ៖ Luffy រូបភាព៖ Reuters