ធ្វើដំណើរជុំវិញទីក្រុងសេអ៊ូលក្នុងរថយន្តពន្ធនាគារ ប្រធានាធិបតីកូរ៉េខាងត្បូង Yoon Suk Yeol បានបង្ហាញខ្លួននៅក្នុងតុលាការពីរផ្សេងគ្នាកាលពីថ្ងៃព្រហស្បតិ៍ ដោយជំទាស់នឹងការចាប់ខ្លួនលោកពីបទបះបោរ និងប្រយុទ្ធប្រឆាំងនឹងការដកចេញពីតំណែងមួយទៀត។
ករណីទាំងពីរ មួយលើការចោទប្រកាន់ព្រហ្មទណ្ឌ ហើយមួយទៀតចោទប្រកាន់ទាក់ទងនឹងការដាក់ច្បាប់អាជ្ញាសឹករបស់លោកកាលពីដើមខែធ្នូ ឆ្នាំ២០២៤កន្លងទៅ។


សារព័ត៌មាន AP រាយការណ៍ថា សន្តិសុខត្រូវបានពង្រឹងនៅតុលាការទីក្រុងសេអ៊ូល ខណៈដែលរថយន្តដែលដឹកលោក Yoon បានមកដល់សម្រាប់សវនាការបឋមដែលពាក់ព័ន្ធនឹងការពិភាក្សារបស់សាក្សី ភស្តុតាងដែលបានស្នើ សម្រាប់ការកាត់ក្តីឧក្រិដ្ឋកម្មរបស់លោក។
ជាមួយគ្នានេះដែរ តុលាការដែលបានកំណត់ពេលសវនាការបឋមមួយទៀតក្នុងខែមីនា ក៏កំពុងពិនិត្យសំណើរបស់មេធាវីរបស់ Yoon ដើម្បីលុបចោលការចាប់ខ្លួនលោក និងដោះលែងពីមន្ទីរឃុំឃាំង។ យ៉ាងណា ការប្រឈមបែបនេះកម្រនឹងទទួលបានជោគជ័យណាស់ តុលាការត្រូវបានគេរំពឹងថានឹងធ្វើការសម្រេចនៅពេលថ្ងៃបន្ទាប់។
បន្ទាប់មករថយន្តដែលដឹកលោក Yoon បានធ្វើដំណើរឆ្លងកាត់រដ្ឋធានីទៅកាន់តុលាការធម្មនុញ្ញដែលឈានដល់ការសម្រេចចិត្តថា តើត្រូវដកលោកចេញពីតំណែងជាផ្លូវការ ឬអត់ បន្ទាប់ពីរដ្ឋសភាចោទប្រកាន់។ លោក Yoon បានចាកចេញពីបន្ទប់សវនាការជាបណ្តោះអាសន្ន នៅពេលដែលនាយករដ្ឋមន្ត្រី Han Duck-soo បង្ហាញខ្លួនក្នុងនាមជាសាក្សី។ មេធាវីរបស់ Yoon បានពន្យល់ទៅកាន់តុលាការថា កូនក្តីរបស់គាត់ជឿថា វានឹងធ្វើឱ្យខូចមុខមាត់ប្រទេស ប្រសិនបើទាំងរឿងពីរត្រូវបានគេឃើញនៅក្នុងតុលាការជាមួយគ្នា។

លោក Han បានគាំទ្រការអះអាងរបស់លោក Yoon ដែលថាក្រុមបក្សប្រឆាំងដែលមានភាគច្រើនស្ថិតក្នុងស្ថាប័ននីតិបញ្ញត្តិបានរំខានដល់កិច្ចការរដ្ឋតាមរយៈការជំរុញឱ្យមានការចោទប្រកាន់មន្ត្រីជាន់ខ្ពស់ និងធ្វើឱ្យប៉ះពាល់ថវិការដ្ឋាភិបាល។ ទោះជាយ៉ាងណាក៏ដោយ លោក Han បាននិយាយឡើងវិញនូវសេចក្តីថ្លែងការណ៍ពីមុនរបស់លោកទៅកាន់សមាជិកសភា និងអ្នកស៊ើបអង្កេតថា លោក Yoon អាចនឹងបំពានលើលក្ខខណ្ឌតម្រូវនៃរដ្ឋធម្មនុញ្ញ ដោយការខកខានក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីផ្លូវការ មុនពេលប្រកាសច្បាប់អាជ្ញាសឹកនៅថ្ងៃទី៣ ខែធ្នូ។ លោក Han បាននិយាយថា លោកមិនដឹងថាសមាជិកគណៈរដ្ឋមន្ត្រីណាមួយដែលសម្តែងការគាំទ្ររបស់ Yoon នោះទេ។
លោក Yoon បានត្រឡប់ទៅបន្ទប់សវនាការវិញ ខណៈដែលតុលាការបានហៅសាក្សីម្នាក់ទៀត គឺលោក Hong Jang-won អតីតនាយករងទីមួយនៃទីភ្នាក់ងារចារកម្មកូរ៉េខាងត្បូង។ ក្នុងអំឡុងពេលសវនាការ លោក Hong បានរក្សាសក្ខីកម្មមុនរបស់លោកថា លោក Yoon បានបញ្ជាឱ្យលោកជួយអង្គភាពប្រឆាំងចារកម្មការពារជាតិឃាត់ខ្លួនអ្នកនយោបាយសំខាន់ៗ រួមទាំងប្រធានរដ្ឋសភា Woo Won Shik និងមេដឹកនាំបក្សប្រឆាំង Lee Jae-myung ។ ដោយមើលឃើញថា ខឹងខ្លាំង Yoon បានបដិសេធការបញ្ជាឱ្យចាប់ខ្លួនអ្នកណាម្នាក់ និងចោទ Hong ពីការកុហក និងប្រឌិតភស្តុតាង។
Yoon ត្រូវបានចោទប្រកាន់កាលពីថ្ងៃទី២៦ ខែមករា លើការចោទប្រកាន់ពីបទបះបោរ ដែលអនុវត្តទោសប្រហារជីវិត ឬជាប់គុកអស់មួយជីវិត។ នៅក្នុងប្រទេសកូរ៉េខាងត្បូង ប្រធានាធិបតីមានអភ័យឯកសិទ្ធិពីការកាត់ទោសឧក្រិដ្ឋកម្មភាគច្រើន ប៉ុន្តែមិនមែនលើការចោទប្រកាន់ពីបទបះបោរ ឬក្បត់ជាតិនោះទេ។
ដីកាចោទប្រកាន់ថា ការដាក់ច្បាប់អាជ្ញាសឹករបស់លោកគឺជាការប៉ុនប៉ងខុសច្បាប់ដើម្បីបិទរដ្ឋសភា និងចាប់ខ្លួនអ្នកនយោបាយ និងអាជ្ញាធររៀបចំការបោះឆ្នោត។ លោក Yoon ដែលជាអ្នកអភិរក្សនិយមបាននិយាយថា ការប្រកាសច្បាប់អាជ្ញាសឹករបស់លោកគឺមានបំណងជាការព្រមានបណ្តោះអាសន្នដល់ក្រុមប្រឆាំងសេរី ហើយថាលោកតែងតែមានគម្រោងគោរពឆន្ទៈរបស់សមាជិកសភា ប្រសិនបើពួកគេបោះឆ្នោតដកវិធានការនេះ។
អំណាចប្រធានាធិបតីរបស់ Yoon ត្រូវបានព្យួរនៅពេលដែលលោកត្រូវបានចោទប្រកាន់កាលពីថ្ងៃទី១៤ ខែធ្នូ ដោយទុកលោកឱ្យតស៊ូដើម្បីជីវិតនយោបាយរបស់លោកនៅតុលាការធម្មនុញ្ញ។
រដ្ឋមន្ត្រីការពារជាតិរបស់លោក Yoon មេប៉ូលិស និងមេបញ្ជាការយោធាជាច្រើននាក់ក៏ត្រូវបានចាប់ខ្លួន និងចោទប្រកាន់ពីបទបះបោរ ការរំលោភបំពានអំណាច និងការចោទប្រកាន់ផ្សេងទៀតទាក់ទងនឹងក្រឹត្យច្បាប់អាជ្ញាសឹក ដែលពាក់ព័ន្ធនឹងកងទ័ពប្រដាប់អាវុធជាច្រើនរយនាក់ដែលបានដាក់ពង្រាយនៅរដ្ឋសភា និងការិយាល័យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត៕
អត្ថបទ៖ សារ៉ាយ រូបភាព៖ AP